1 នេះជាពាក្យរបស់លោកនេហេមា ជាកូនលោកហាកាលា។នៅខែមិគសិរ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសាន ជាបុរីរបស់ស្ដេច
2 មានបងប្អូនខ្ញុំម្នាក់ឈ្មោះហាណានី រួមជាមួយអ្នកខ្លះទៀត ធ្វើដំណើរពីស្រុកយូដាមកដល់ទីនោះ។ ខ្ញុំបានសួរដំណឹងពួកគេស្ដីអំពីជនជាតិយូដាដែលនៅសេសសល់ គឺពួកអ្នកដែលជាប់ជាឈ្លើយ ហើយត្រឡប់ទៅស្រុកវិញ រួចខ្ញុំក៏បានសួរដំណឹងអំពីក្រុងយេរូសាឡឹមដែរ។
3 អ្នកទាំងនោះតបមកខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណាខេត្តយូដា ដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូសាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកម្ទេចដែរ។
4 ពេលខ្ញុំឮពាក្យទាំងនោះ ខ្ញុំអង្គុយចុះ ហើយយំសោក ព្រមទាំងកាន់ទុក្ខអស់រយៈពេលជាច្រើនថ្ងៃ។ ខ្ញុំតមអាហារ ហើយទូលអង្វរព្រះនៃស្ថានបរមសុខ។
5 ខ្ញុំទូលព្រះអង្គដូចតទៅ:«បពិត្រព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ* ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម គួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រី ហើយសម្តែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងគោរពតាមបទបញ្ជារបស់ព្រះអង្គ។