7 យើងខ្ញុំពិតជាបានប្រព្រឹត្តខុសចំពោះព្រះអង្គ គឺយើងខ្ញុំពុំបានគោរពតាមបទបញ្ជា ច្បាប់ និងវិន័យទាំងប៉ុន្មានដែលព្រះអង្គប្រទានមកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។
8 សូមនឹកចាំពីព្រះបន្ទូលដែលព្រះអង្គបានបង្គាប់មកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គថា: “បើអ្នករាល់គ្នាមិនស្មោះត្រង់នឹងយើងទេនោះ យើងនឹងកំចាត់កំចាយអ្នករាល់គ្នាទៅនៅក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
9 ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាវិលមករកយើងវិញ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់យើងនោះ ទោះបីអ្នករាល់គ្នាត្រូវគេកៀរទៅនៅជើងមេឃក្ដី ក៏យើងប្រមូលផ្ដុំ និងនាំអ្នករាល់គ្នាវិលត្រឡប់មកទីកន្លែង ដែលយើងបានជ្រើសរើស សម្រាប់សម្តែងនាមយើងនេះវិញដែរ”។
10 យើងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ ជាប្រជារាស្ត្រដែលព្រះអង្គបានរំដោះចេញពីស្រុកអេស៊ីប ដោយមហិទ្ធិឫទ្ធិ និងបារមីដ៏ខ្លាំងពូកែ។
11 បពិត្រព្រះអម្ចាស់ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងពាក្យទូលអង្វររបស់អ្នកបម្រើឯទៀតៗ ដែលចង់គោរពកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ សូមប្រទានឲ្យទូលបង្គំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមឲ្យព្រះរាជាសន្ដោសមេត្តាដល់ទូលបង្គំផង»។ នៅគ្រានោះខ្ញុំបំពេញមុខងារជាមហាតលិករបស់ព្រះចៅអធិរាជ។