36 យើងនឹងនាំកូនប្រុសច្បងរបស់យើង មកថ្វាយព្រះអម្ចាស់ ហើយក៏នាំកូនដំបូងនៃហ្វូងចៀម និងហ្វូងគោរបស់យើង មកថ្វាយព្រះអង្គ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ គឺយើងនឹងនាំមកជូនក្រុមបូជាចារ្យ ដែលបម្រើការងារនៅក្នុងព្រះដំណាក់របស់ព្រះនៃយើង។
37 យើងនឹងនាំម្សៅដំបូងរបស់យើង ព្រមទាំងតង្វាយដែលយើងបានញែកទុកដោយឡែក គឺមានផ្លែឈើគ្រប់មុខ ស្រាទំពាំងបាយជូរថ្មី និងប្រេង មកជូនក្រុមបូជាចារ្យ នៅក្នុងបន្ទប់អមនៃព្រះដំណាក់របស់ព្រះនៃយើង។ យើងនឹងយកភោគផលពីដីរបស់យើង មួយភាគដប់ ជូនក្រុមលេវី។ ក្រុមលេវីត្រូវទៅប្រមូលយកផលទាំងនោះពីស្រុកភូមិ ដែលមានស្រែចម្ការរបស់យើង។
38 ពេលក្រុមលេវីនាំយកតង្វាយមួយភាគដប់ចូលមក បូជាចារ្យមួយរូបដែលជាពូជពង្សរបស់លោកអើរ៉ុន ត្រូវទៅជាមួយ ហើយទទួលយកមួយភាគដប់នៃតង្វាយមួយភាគដប់នោះ ទៅទុកក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះនៃយើង។
39 ជនជាតិអ៊ីស្រាអែល និងក្រុមលេវី ត្រូវយកតង្វាយដែលគេបានញែកទុកដោយឡែក មកទុកក្នុងបន្ទប់ទាំងនោះ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង។ ក្នុងបន្ទប់ទាំងនោះ គេដាក់វត្ថុប្រើប្រាស់ក្នុងទីសក្ការៈ ហើយក្រុមបូជាចារ្យដែលត្រូវវេនបម្រើការងារក្រុមយាមទ្វារ និងក្រុមចម្រៀងក៏ស្ថិតនៅក្នុងបន្ទប់នោះដែរ។ ដូច្នេះ យើងពុំបោះបង់ចោលព្រះដំណាក់របស់ព្រះនៃយើងឡើយ។