1 មេដឹកនាំរបស់ប្រជាជនតាំងទីលំនៅនៅក្រុងយេរូសាឡឹម។ រីឯប្រជាជនវិញ គេបានចាប់ឆ្នោតឲ្យម្នាក់ ក្នុងចំណោមដប់នាក់ មករស់នៅក្នុងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ហើយប្រាំបួននាក់ទៀត ត្រូវរស់នៅតាមក្រុងនានា។
2 ប្រជាជនជូនពរដល់អស់អ្នកដែលស្ម័គ្រចិត្តរស់នៅក្នុងក្រុងយេរូសាឡឹម។
3 ពួកចៅហ្វាយខេត្តនាំគ្នាតាំងទីលំនៅក្នុងក្រុងយេរូសាឡឹម។ រីឯជនជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមអ្នកបម្រើព្រះវិហារ និងកូនចៅរបស់អ្នកបម្រើព្រះបាទសាឡូម៉ូន រស់នៅតាមក្រុងនានា ម្នាក់ៗក្នុងទឹកដីដែលជាកម្មសិទ្ធិរបស់ខ្លួន។
4 ប៉ុន្តែ មានកូនចៅយូដា និងកូនចៅបេនយ៉ាមីនមួយចំនួន តាំងទីលំនៅ ក្នុងក្រុងយេរូសាឡឹម។ កូនចៅយូដាមានលោកអថាយ៉ាជាកូនរបស់លោកអ៊ូស៊ីយ៉ា ដែលត្រូវជាកូនរបស់លោកសាការី ដែលត្រូវជាកូនរបស់លោកអម៉ារា ដែលត្រូវជាកូនរបស់លោកសេផាធា ដែលត្រូវជាកូនរបស់លោកម៉ាលេលាល ក្នុងអំបូរពេរេស។