នេហេ‌មា 13:14-20 KHSV

14 ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​ការ​ដែល​ទូលបង្គំ​បាន​ធ្វើ​នេះ​ផង! សូម​កុំ​បំភ្លេច​កិច្ចការ​ផ្សេងៗ​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ និង​ឲ្យ​ប្រជា‌ជន​ធ្វើ​ពិធី​គោរព​បម្រើ​ព្រះ‌អង្គ។

15 នៅ​គ្រា​នោះ ខ្ញុំ​បាន​ឃើញ​មនុស្ស​មួយ​ចំនួន​នៅ​ស្រុក​យូដា នាំ​គ្នា​គាប​ផ្លែ​ទំពាំង‌បាយជូរ នៅ​ថ្ងៃ​សប្ប័ទ* ហើយ​ខ្ញុំ​ក៏​ឃើញ​គេ​ដឹក​កណ្ដាប់​ស្រូវ ដឹក​ស្រា ដឹក​ផ្លែ​ទំពាំង‌បាយជូរ ផ្លែ​ឧទុម្ពរ និង​របស់​ឯ​ទៀតៗ លើ​ខ្នង​លា នាំ​ចូល​មក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​សប្ប័ទ។ ខ្ញុំ​ព្រមាន​ពួក​គេ​កុំ​ឲ្យ​លក់​ដូរ​អ្វី​នៅ​ថ្ងៃ​នោះ។

16 មាន​អ្នក​ក្រុង​ទីរ៉ុស​ខ្លះ​ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម តែងតែ​ដឹក​ត្រី និង​ទំនិញ​គ្រប់​យ៉ាង មក​លក់​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​សប្ប័ទ។

17 ខ្ញុំ​បន្ទោស​ពួក​អភិជន​នៃ​ស្រុក​យូដា​ថា៖ «ម្ដេច​ក៏​អស់​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?

18 ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​កើត​មាន​ដល់​ពួក​យើង និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ដូនតា​របស់​អស់​លោក​ធ្លាប់​ប្រព្រឹត្ត​អាក្រក់​បែប​នេះ​ដែរ។ រីឯ​អស់​លោក​វិញ អស់​លោក​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​ដូច្នេះ តើ​អស់​លោក​ចង់​ធ្វើ​ឲ្យ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ ឆាប‌ឆេះ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ឬ!»។

19 បន្ទាប់​មក ខ្ញុំ​បញ្ជា​ឲ្យ​គេ​ខ្ទាស់​ទ្វារ​ក្រុង នៅ​ល្ងាច​ផ្ដើម​ថ្ងៃ​សប្ប័ទ ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​គេ​បើក​ទ្វារ​វិញ ក្រោយ​ថ្ងៃ​សប្ប័ទ។ ខ្ញុំ​ដាក់​សហការី​របស់​ខ្ញុំ​មួយ​ចំនួន​ឲ្យ​យាម​មាត់​ទ្វារ​ក្រុង ដើម្បី​កុំ​ឲ្យ​នរណា​ដឹក​អ្វី​ចូល​ទីក្រុង​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ។

20 ដូច្នេះ អ្នក​ជំនួញ និង​អ្នក​លក់​ដូរ​ទំនិញ​គ្រប់​យ៉ាង ត្រូវ​តែ​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡឹម មួយ​យប់ ឬ​ពីរ​យប់។