នេហេ‌មា 13:17-23 KHSV

17 ខ្ញុំ​បន្ទោស​ពួក​អភិជន​នៃ​ស្រុក​យូដា​ថា៖ «ម្ដេច​ក៏​អស់​លោក​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?

18 ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​កើត​មាន​ដល់​ពួក​យើង និង​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ដូនតា​របស់​អស់​លោក​ធ្លាប់​ប្រព្រឹត្ត​អាក្រក់​បែប​នេះ​ដែរ។ រីឯ​អស់​លោក​វិញ អស់​លោក​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​ដូច្នេះ តើ​អស់​លោក​ចង់​ធ្វើ​ឲ្យ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ ឆាប‌ឆេះ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ឬ!»។

19 បន្ទាប់​មក ខ្ញុំ​បញ្ជា​ឲ្យ​គេ​ខ្ទាស់​ទ្វារ​ក្រុង នៅ​ល្ងាច​ផ្ដើម​ថ្ងៃ​សប្ប័ទ ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​គេ​បើក​ទ្វារ​វិញ ក្រោយ​ថ្ងៃ​សប្ប័ទ។ ខ្ញុំ​ដាក់​សហការី​របស់​ខ្ញុំ​មួយ​ចំនួន​ឲ្យ​យាម​មាត់​ទ្វារ​ក្រុង ដើម្បី​កុំ​ឲ្យ​នរណា​ដឹក​អ្វី​ចូល​ទីក្រុង​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ។

20 ដូច្នេះ អ្នក​ជំនួញ និង​អ្នក​លក់​ដូរ​ទំនិញ​គ្រប់​យ៉ាង ត្រូវ​តែ​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡឹម មួយ​យប់ ឬ​ពីរ​យប់។

21 ខ្ញុំ​ព្រមាន​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​នៅ​ខាង​មុខ​កំពែង​ក្រុង​ដូច្នេះ? ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ​ទៀត ខ្ញុំ​នឹង​ចាប់​ខ្លួន​អ្នក​រាល់​គ្នា​ជា​មិន​ខាន»។ ចាប់​ពី​ពេល​នោះ ពួក​គេ​លែង​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​សប្ប័ទ​ទៀត​ហើយ។

22 ខ្ញុំ​បាន​ប្រាប់​ក្រុម​លេវី​ឲ្យ​ធ្វើ​ពិធី​ជម្រះ​កាយ រួច​មក​យាម​ទ្វារ​នៅ​ថ្ងៃ​សប្ប័ទ ដើម្បី​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​វិសុទ្ធ។ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ហេតុ​នេះ សូម​នឹក​ចាំ​ពី​ទូលបង្គំ សូម​អាណិត​មេត្តា​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​របស់​ព្រះ‌អង្គ។

23 នៅ​គ្រា​ដដែល​នោះ ខ្ញុំ​សង្កេត​ឃើញ​ជន‌ជាតិ​យូដា​មួយ​ចំនួន រៀប‌ការ​ជា​មួយ​ស្ត្រី​មក​ពី​ក្រុង​អាស‌ដូឌ ស្ត្រី​សាសន៍​អាំម៉ូន និង​ស្ត្រី​សាសន៍​ម៉ូអាប់។