នេហេ‌មា 2:5-11 KHSV

5 រួច​ខ្ញុំ​ទូល​ស្ដេច​វិញ​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ ហើយ​បើ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​ទូលបង្គំ​មែន​នោះ សូម​ចាត់​ទូលបង្គំ​ឲ្យ​ទៅ​ស្រុក​យូដា គឺ​ទៅ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ ដើម្បី​សង់​ក្រុង​នោះ​ឡើង​វិញ​ផង»។

6 ព្រះ‌រាជា​ដោយ​មាន​ព្រះ‌មហេសី​គង់​នៅ​ក្បែរ​ផង សួរ​ខ្ញុំ​ទៀត​ថា៖ «តើ​លោក​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន ដើម្បី​ធ្វើ​ដំណើរ​ទៅ ហើយ​អង្កាល់​ទើប​លោក​ត្រឡប់​មក​វិញ?»។ ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ពី​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ហើយ​ស្ដេច​ក៏​យល់​ព្រម​ឲ្យ​ខ្ញុំ​ចេញ​ដំណើរ។

7 បន្ទាប់​មក ខ្ញុំ​ទូល​ព្រះចៅ​អធិរាជ​ទៀត​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ប្រទាន​រាជ‌សារ​ឲ្យ​ទូលបង្គំ​យក​ទៅ​ជូន​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ដើម្បី​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ធ្វើ​ដំណើរ រហូត​ដល់​ស្រុក​យូដា

8 ហើយ​រាជ‌សារ​មួយ​ទៀត​ជូន​លោក​អេសាភ ដែល​ជា​មេ​ព្រៃ​របស់​ព្រះ‌ករុណា ដើម្បី​ឲ្យ​គាត់​ផ្ដល់​ឈើ​មក​ទូលបង្គំ សង់​ខ្លោង​ទ្វារ​បន្ទាយ​ដែល​នៅ​ក្បែរ​ព្រះ‌ដំណាក់ និង​សង់​កំពែង​ក្រុង ព្រម​ទាំង​សង់​ផ្ទះ​ដែល​ទូលបង្គំ​ត្រូវ​ស្នាក់​នៅ»។ព្រះចៅ​អធិរាជ​ប្រទាន​រាជ‌សារ​តាម​សំណូម‌ពរ​របស់​ខ្ញុំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​ខ្ញុំ​បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ។

9 ខ្ញុំ​បាន​ទៅ​ជួប​អស់​លោក​ទេសា‌ភិបាល​អាណា‌ខេត្ត​នានា ដែល​នៅ​ខាង​លិច​ទន្លេ​អឺប្រាត ហើយ​ប្រគល់​សារ​របស់​ព្រះចៅ​អធិរាជ​ជូន​ពួក​លោក។ ព្រះចៅ​អធិរាជ​បាន​ចាត់​នាយ​ទាហាន និង​កង‌ពល​សេះ ឲ្យ​ជូន​ដំណើរ​ខ្ញុំ​ដែរ។

10 ពេល​លោក​សាន់បា‌ឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​លោក​ថូប៊ី‌យ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន ដឹង​ដំណឹង​នេះ ពួក​គេ​មិន​សប្បាយ​ចិត្ត​ទេ ព្រោះ​ឃើញ​មនុស្ស​ម្នាក់​មក​រក​ផល​ប្រយោជន៍​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។

11 ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ហើយ​ស្នាក់​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ។