1 នៅគ្រានោះ លោកអេលីយ៉ាស៊ីប ជាមហាបូជាចារ្យ បានក្រោកឡើងជាមួយបូជាចារ្យឯទៀតៗ ដែលជាបងប្អូនរបស់លោក ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មហាមេអារហូតដល់ប៉មហាណានាលដែរ។
2 នៅក្បែរពួកលោក មានអ្នកក្រុងយេរីខូនាំគ្នាសង់មួយផ្នែកទៀត ហើយបន្ទាប់មក មានលោកសាគើរ ជាកូនរបស់លោកអ៊ីមរី។
3 កូនចៅរបស់លោកសេណាអានាំគ្នាសង់ទ្វារមច្ឆា។ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។
4 នៅក្បែរពួកគេមានលោកម្រេម៉ូត ជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស ជាអ្នកជួសជុល។ នៅក្បែរនោះ មានលោកមស៊ូឡាម ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកមសេសាបេល។ បន្ទាប់មក មានលោកសាដុក ជាកូនរបស់លោកបាណា។
5 នៅក្បែរនោះ មានអ្នកស្រុកតូអា ប៉ុន្តែ ពួកអភិជនរបស់គេមិនព្រមចូលរួមធ្វើការ តាមបញ្ជាមេដឹកនាំរបស់ខ្លួនឡើយ។
6 លោកយ៉ូយ៉ាដា ជាកូនរបស់លោកផាសេហា និងលោកមស៊ូឡាម ជាកូនរបស់លោកបេសូឌា នាំគ្នាជួសជុលទ្វារចាស់ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។
7 នៅក្បែរនោះ មានលោកមេឡាទា ជាអ្នកស្រុកគីបៀន លោកយ៉ាដោនអ្នកស្រុកម៉េរូន ព្រមទាំងអ្នកឯទៀតៗពីក្រុងគីបៀន និងក្រុងមីសប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកទេសាភិបាល របស់អាណាខេត្តនៅខាងលិចទន្លេអឺប្រាត។