13 លោកហានូន និងអ្នកស្រុកសាណូអា នាំគ្នាជួសជុលទ្វារជ្រលងភ្នំ។ ពួកគេសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ ពួកគេបានសង់កំពែងក្រុងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។
14 លោកម៉ាល់គាជាកូនរបស់លោករេកាប និងជាចៅហ្វាយស្រុកបេតហាកេរែម ជាអ្នកជួសជុលទ្វារសំរាម។ គាត់បានសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។
15 លោកសាលូន ជាកូនរបស់លោកកុល-ហូសេ និងជាចៅហ្វាយស្រុកមីសប៉ា ជួសជុលទ្វារប្រភពទឹក។ គាត់បានសង់ខ្លោងទ្វារ ហើយប្រក់ដំបូល ដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ គាត់បានជួសជុលកំពែងស្រះស៊ីឡោម ដែលនៅក្បែរឧទ្យានហ្លួង រហូតដល់ជណ្ដើរចុះមកពីបុរីព្រះបាទដាវីឌ។
16 បន្ទាប់ពីគាត់ មានលោកនេហេមា ជាកូនរបស់លោកអាសប៊ូក និងជាចៅសង្កាត់បេត-ស៊ើរ មួយចំហៀង គាត់ជួសជុលរហូតដល់ខាងមុខផ្នូររបស់ព្រះបាទដាវីឌ និងរហូតដល់ស្រះ ព្រមទាំងបន្ទាយរបស់ពួកវីរជន។
17 បន្ទាប់មក មានក្រុមលេវីធ្វើការនៅក្បែរគាត់ គឺមានលោករេហ៊ូមជាកូនរបស់លោកបានី និងលោកហាសាបយ៉ា ជាចៅសង្កាត់កៃឡាមួយចំហៀង ដែលធ្វើការក្នុងនាមសង្កាត់របស់គាត់។
18 បន្ទាប់មក មានបងប្អូនរបស់ពួកគេ គឺលោកបាវ៉ាយជាកូនរបស់លោកហេណាដាដ និងជាចៅសង្កាត់កៃឡាមួយចំហៀងទៀត។
19 បន្ទាប់មក លោកអេស៊ើរជាកូនរបស់លោកយេសួរ និងជាចៅហ្វាយក្រុងមីសប៉ា ជួសជុលផ្នែកមួយទៀត ដែលនៅទល់មុខផ្លូវឡើងទៅឃ្លាំងសស្ត្រាវុធត្រង់មុមកំពែង។