នេហេ‌មា 3:6-12 KHSV

6 លោក​យ៉ូយ៉ា‌ដា ជា​កូន​របស់​លោក​ផាសេ‌ហា និង​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេសូ‌ឌា នាំ​គ្នា​ជួស‌ជុល​ទ្វារ​ចាស់ ពួក​គេ​បាន​ដាក់​ធ្នឹម​ខ្លោង​ទ្វារ និង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក​ទៀត​ផង។

7 នៅ​ក្បែរ​នោះ មាន​លោក​មេឡា‌ទា ជា​អ្នក​ស្រុក​គីបៀន លោក​យ៉ាដោន​អ្នក​ស្រុក​ម៉េរូន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ពី​ក្រុង​គីបៀន និង​ក្រុង​មីសប៉ា ដែល​ស្ថិត​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​ទេសា‌ភិបាល របស់​អាណា‌ខេត្ត​នៅ​ខាង​លិច​ទន្លេ​អឺប្រាត។

8 នៅ​ក្បែរ​ពួក​គេ មាន​លោក​អ៊ូ‌ស៊ាល ជា​កូន​របស់​លោក​ហារ‌ហាយ៉ា ដែល​ជា​ជាង​រចនា​គ្រឿង​អលង្ការ ហើយ​បន្ទាប់​មក មាន​លោក​ហាណា‌នា ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប ពួក​គេ​បាន​បង្ហើយ​សំណង់​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​កំពែង​ធំ។

9 លោក​រេផា‌យ៉ា​ធ្វើ​ការ​នៅ​ក្បែរ​ពួក​គេ គាត់​ត្រូវ​ជា​កូន​របស់​លោក​ហ៊ើរ និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង។

10 បន្ទាប់​មក មាន​លោក​យ៉ាដា‌យ៉ា ជា​កូន​របស់​លោក​ហារូ‌ម៉ាប​ធ្វើ​ការ​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​គាត់។ លោក​ហាធូស ជា​កូន​របស់​លោក​ហាសាប‌នា​ធ្វើ​ការ​នៅ​ក្បែរ​គាត់។

11 លោក​ម៉ាល់‌គា​ជា​កូន​របស់​លោក​ហារីម និង​លោក​ហាស៊ូប ជា​កូន​របស់​លោក​ផាហាត-‌ម៉ូអាប់ ជួស‌ជុល​កំពែង​ក្រុង​មួយ​ផ្នែក​ទៀត ព្រម​ទាំង​ប៉ម​ឡ​ភ្លើង។

12 នៅ​ក្បែរ​ពួក​គេ​មាន​លោក​សាលូម ជា​កូន​របស់​លោក​ហាឡូ‌ហេស និង​ជា​អភិបាល​ក្រុង​យេរូ‌សាឡឹម​មួយ​ចំហៀង​ទៀត ធ្វើ​ការ​ជា​មួយ​កូន​ស្រីៗ​របស់​គាត់។