9 លោករេផាយ៉ាធ្វើការនៅក្បែរពួកគេ គាត់ត្រូវជាកូនរបស់លោកហ៊ើរ និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀង។
10 បន្ទាប់មក មានលោកយ៉ាដាយ៉ា ជាកូនរបស់លោកហារូម៉ាបធ្វើការផ្នែកដែលនៅខាងមុខផ្ទះគាត់។ លោកហាធូស ជាកូនរបស់លោកហាសាបនាធ្វើការនៅក្បែរគាត់។
11 លោកម៉ាល់គាជាកូនរបស់លោកហារីម និងលោកហាស៊ូប ជាកូនរបស់លោកផាហាត-ម៉ូអាប់ ជួសជុលកំពែងក្រុងមួយផ្នែកទៀត ព្រមទាំងប៉មឡភ្លើង។
12 នៅក្បែរពួកគេមានលោកសាលូម ជាកូនរបស់លោកហាឡូហេស និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀងទៀត ធ្វើការជាមួយកូនស្រីៗរបស់គាត់។
13 លោកហានូន និងអ្នកស្រុកសាណូអា នាំគ្នាជួសជុលទ្វារជ្រលងភ្នំ។ ពួកគេសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ ពួកគេបានសង់កំពែងក្រុងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។
14 លោកម៉ាល់គាជាកូនរបស់លោករេកាប និងជាចៅហ្វាយស្រុកបេតហាកេរែម ជាអ្នកជួសជុលទ្វារសំរាម។ គាត់បានសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។
15 លោកសាលូន ជាកូនរបស់លោកកុល-ហូសេ និងជាចៅហ្វាយស្រុកមីសប៉ា ជួសជុលទ្វារប្រភពទឹក។ គាត់បានសង់ខ្លោងទ្វារ ហើយប្រក់ដំបូល ដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ គាត់បានជួសជុលកំពែងស្រះស៊ីឡោម ដែលនៅក្បែរឧទ្យានហ្លួង រហូតដល់ជណ្ដើរចុះមកពីបុរីព្រះបាទដាវីឌ។