នេហេ‌មា 4:6-12 KHSV

6 ពួក​យើង​នាំ​គ្នា​សង់​កំពែង​ក្រុង​ឡើង​វិញ រហូត​ដល់​បាន​កំពស់​ពាក់​កណ្ដាល ដ្បិត​ប្រជា‌ជន​ខំ​ប្រឹង​ខ្នះ‌ខ្នែង​ធ្វើ​ការ​នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។

7 ប៉ុន្តែ ពេល​លោក​សាន់បា‌ឡាត់ លោក​ថូប៊ី‌យ៉ា ព្រម​ទាំង​ជន‌ជាតិ​អារ៉ាប់ ជន‌ជាតិ​អាំម៉ូន និង​អ្នក​ស្រុក​អាស‌ដូឌ ទទួល​ដំណឹង​ថា ការ​ជួស‌ជុល​កំពែង​ក្រុង​យេរូ‌សាឡឹម មាន​ដំណើរ​ការ​ល្អ ហើយ​កន្លែង​ដែល​បាក់​បែក​ចាប់​ផ្ដើម​ភ្ជិត​ឡើង​វិញ នោះ​ពួក​គេ​ខឹង​ជា​ខ្លាំង។

8 ពួក​គេ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម ដើម្បី​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត។

9 ពេល​នោះ យើង​ក៏​ទូល‌អង្វរ​ព្រះ​នៃ​យើង រួច​ចាត់​ចែង​ឲ្យ​មាន​អ្នក​យាម‌ល្បាត​ទាំង​ថ្ងៃ ទាំង​យប់ ដើម្បី​ការពារ​ក្រុង ក្រែង​ពួក​គេ​វាយ​លុក។

10 ប៉ុន្តែ ជន‌ជាតិ​យូដា​ពោល​ថា៖ «កម្លាំង​អ្នក​លី​សែង​កាន់​តែ​ចុះ​អន់‌ថយ​ទៅៗ គំនរ​ថ្ម​ដែល​បាក់​បែក​នោះ​មាន​ច្រើន​ពេក យើង​ពុំ​អាច​សង់​កំពែង​ក្រុង​បាន​ឡើយ»។

11 បច្ចា‌មិត្ត​របស់​ពួក​យើង​ពោល​ថា៖ «ពួក​គេ​មិន​ដឹង​ខ្លួន មិន​ឃើញ​អ្វី​ទាំង​អស់ យើង​នឹង​លប​ចូល​ទៅ​ដល់​កណ្ដាល​ចំណោម​ពួក​គេ ហើយ​សម្លាប់​ពួក​គេ ដើម្បី​បញ្ឈប់​កិច្ចការ​របស់​ពួក​គេ»។

12 ពេល​នោះ ជន‌ជាតិ​យូដា​ដែល​រស់​នៅ​ក្បែរ​ពួក​គេ បាន​នាំ​គ្នា​មក​ប្រាប់​យើង​ដល់​ទៅ​ដប់​ដង​ថា សត្រូវ​លើក​គ្នា​ពី​គ្រប់​ទិស‌ទី​មក​វាយ​ប្រហារ​ពួក​យើង។