9 ពេលនោះ យើងក៏ទូលអង្វរព្រះនៃយើង រួចចាត់ចែងឲ្យមានអ្នកយាមល្បាតទាំងថ្ងៃ ទាំងយប់ ដើម្បីការពារក្រុង ក្រែងពួកគេវាយលុក។
10 ប៉ុន្តែ ជនជាតិយូដាពោលថា៖ «កម្លាំងអ្នកលីសែងកាន់តែចុះអន់ថយទៅៗ គំនរថ្មដែលបាក់បែកនោះមានច្រើនពេក យើងពុំអាចសង់កំពែងក្រុងបានឡើយ»។
11 បច្ចាមិត្តរបស់ពួកយើងពោលថា៖ «ពួកគេមិនដឹងខ្លួន មិនឃើញអ្វីទាំងអស់ យើងនឹងលបចូលទៅដល់កណ្ដាលចំណោមពួកគេ ហើយសម្លាប់ពួកគេ ដើម្បីបញ្ឈប់កិច្ចការរបស់ពួកគេ»។
12 ពេលនោះ ជនជាតិយូដាដែលរស់នៅក្បែរពួកគេ បាននាំគ្នាមកប្រាប់យើងដល់ទៅដប់ដងថា សត្រូវលើកគ្នាពីគ្រប់ទិសទីមកវាយប្រហារពួកយើង។
13 ហេតុនេះ ខ្ញុំក៏ដាក់ប្រជាជនតាមអំបូររបស់ពួកគេ ឲ្យឈរយាមនៅពីក្រោយកំពែង ទាំងកាន់ដាវ កាន់លំពែង និងធ្នូ។
14 ពេលពិនិត្យសព្វគ្រប់ហើយ ខ្ញុំក៏ក្រោកឡើងពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «កុំភ័យខ្លាចពួកគេឡើយ! សូមចងចាំថា ព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដមគួរស្ញែងខ្លាច។ ដូច្នេះ ចូរនាំគ្នាប្រយុទ្ធការពារបងប្អូន កូនប្រុស កូនស្រី ភរិយា និងផ្ទះសំបែងរបស់អ្នករាល់គ្នា!»។
15 ខ្មាំងសត្រូវឮថា ពួកយើងដឹងខ្លួន ហើយព្រះជាម្ចាស់រំលាយផែនការរបស់ពួកគេ។ ពួកយើងក៏វិលទៅសង់កំពែងក្រុង តាមកន្លែងរៀងៗខ្លួនវិញ។