នេហេ‌មា 5:15-19 KHSV

15 ពួក​ទេសា‌ភិបាល​ដែល​កាន់​កាប់​ស្រុក​មុន​ខ្ញុំ តែងតែ​គាប​សង្កត់​ប្រជា‌ជន ជំរិត​យក​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ហើយ​ថែម​ទាំង​ទារ​ប្រាក់​សែ‌សិប​ណែន​ទៀត​ផង។ សូម្បី​តែ​ពួក​រាជការ​ដែល​ធ្វើ​ការ​ឲ្យ​ពួក​គេ ក៏​គ្រប់‌គ្រង​លើ​ប្រជា‌ជន ធ្វើ​ដូច​ខ្លួន​ជា​ម្ចាស់​ផែនដី​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​បែប​នេះ​ទេ ព្រោះ​ខ្ញុំ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។

16 លើស​ពី​នោះ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ជួស‌ជុល​កំពែង​ក្រុង។ មួយ​វិញ​ទៀត ខ្ញុំ​ពុំ​បាន​ឆ្លៀត​ឱកាស​ទិញ​ដី​ស្រែ​ចម្ការ​ណា​ឡើយ រីឯ​ពួក​សហការី​ដែល​ជួស‌ជុល​កំពែង​រួម​ជា​មួយ​ខ្ញុំ ក៏​ធ្វើ​ដូច​ខ្ញុំ​ដែរ។

17 អស់​អ្នក​ដែល​បរិភោគ​អាហារ​រួម​តុ​ជា​មួយ​ខ្ញុំ មាន​ចំនួន​មួយ​រយ​ហា‌សិប​នាក់ ជា​ជន‌ជាតិ​យូដា ដែល​គ្រប់‌គ្រង​ស្រុក ហើយ​ក្រៅ​ពី​នោះ ក៏​មាន​ភ្ញៀវ​មក​ពី​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ​ដែរ។

18 រៀង​រាល់​ថ្ងៃ គេ​តែង​សម្លាប់​គោ​មួយ ចៀម​ដ៏​ល្អៗ​ចំនួន​ប្រាំ​មួយ ព្រម​ទាំង​សត្វ​ស្លាប​ឯ​ទៀតៗ ហើយ​ដប់​ថ្ងៃ​ម្ដង គេ​យក​ស្រា​ទំពាំង‌បាយជូរ​ដ៏​ច្រើន​មក​ឲ្យ​ខ្ញុំ​ដែរ។ ខ្ញុំ​ពុំ​បាន​ប្រើ​សិទ្ធិ​ជា​ទេសា‌ភិបាល ទាម‌ទារ​ឲ្យ​ប្រជា‌ជន​បង់​ប្រាក់​សម្រាប់​ការ​ចាយ​វាយ​ទាំង​នេះ​ទេ ដ្បិត​ការ​ជួស‌ជុល​កំពែង​ជា​បន្ទុក​យ៉ាង​ធ្ងន់​ដល់​ប្រជា‌ជន​រួច​ស្រេច​ទៅ​ហើយ។

19 «ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​កុំ​ភ្លេច​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​នេះ សូម​មេត្តា​សន្ដោស​ដល់​ទូលបង្គំ​ផង»។