5 សាច់ឈាមរបស់យើងខ្ញុំមិនខុសពីសាច់ឈាមបងប្អូនរបស់យើងខ្ញុំទេ កូនប្រុសរបស់យើងខ្ញុំក៏មិនខុសពីកូនប្រុសរបស់គេដែរ ប៉ុន្តែ យើងខ្ញុំបង្ខំចិត្តឲ្យកូនប្រុសកូនស្រីរបស់យើងខ្ញុំ ទៅធ្វើជាខ្ញុំបម្រើគេ។ កូនស្រីរបស់យើងខ្ញុំជាច្រើននាក់លក់ខ្លួនទៅឲ្យគេ ព្រោះយើងខ្ញុំទាល់ច្រក។ រីឯដីស្រែ និងចម្ការទំពាំងបាយជូររបស់យើងខ្ញុំ ក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ម្ចាស់បំណុលដែរ»។
6 ពេលខ្ញុំឮពាក្យរអ៊ូរទាំរបស់អ្នកទាំងនេះ ខ្ញុំក្ដៅក្រហាយជាខ្លាំង។
7 ខ្ញុំក៏សម្រេចចិត្តស្ដីបន្ទោសពួកអភិជន និងពួកអ្នកគ្រប់គ្រង។ ខ្ញុំពោលទៅពួកគេថា៖ «អស់លោកឲ្យប្រាក់បងប្អូនរួមជាតិខ្ចី ដោយយកការយ៉ាងធ្ងន់បែបនេះឬ!»។ ខ្ញុំបានកោះហៅពួកគេឲ្យមកជួបជុំគ្នា ជាអង្គប្រជុំមួយយ៉ាងធំ។
8 ខ្ញុំពោលទៅកាន់ពួកគេថា៖ «យើងតែងតែរកគ្រប់មធ្យោបាយ ដើម្បីលោះជនរួមជាតិរបស់យើង ដែលត្រូវគេលក់ទៅឲ្យសាសន៍ដទៃ។ ចំណែកឯអស់លោកវិញ អស់លោកបែរជាយកបងប្អូនរួមជាតិរបស់ខ្លួនទៅលក់ឲ្យជនជាតិយូដាដូចគ្នា!»។ ពួកគេនៅស្ងៀមទាំងអស់គ្នា រកពាក្យឆ្លើយមិនបានឡើយ។
9 ខ្ញុំក៏ពោលទៀតថា៖ «អស់លោកប្រព្រឹត្តបែបនេះមិនល្អទេ! អស់លោកគួរតែរស់នៅដោយគោរពកោតខ្លាចព្រះជាម្ចាស់នៃយើង ដើម្បីកុំឲ្យសាសន៍ដទៃ ដែលជាខ្មាំងសត្រូវរបស់យើងប្រមាថមាក់ងាយយើងបាន។
10 ចំពោះរូបខ្ញុំផ្ទាល់ ព្រមទាំងបងប្អូន និងអ្នកបម្រើរបស់ខ្ញុំ ក៏បានឲ្យប្រាក់ និងស្រូវ ទៅពួកគេខ្ចីដែរ។ ដូច្នេះ យើងមិនត្រូវទារបំណុលពីពួកគេឡើយ។
11 ចូរប្រគល់ដីស្រែចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងផ្ទះរបស់គេឲ្យគេវិញ នៅថ្ងៃនេះទៅ ហើយក៏កុំទារប្រាក់ ស្រូវ ស្រា និងប្រេង ដែលអស់លោកចាត់ទុកជាការនោះដែរ»។