នេហេ‌មា 5:6-12 KHSV

6 ពេល​ខ្ញុំ​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​អ្នក​ទាំង​នេះ ខ្ញុំ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។

7 ខ្ញុំ​ក៏​សម្រេច​ចិត្ត​ស្ដី​បន្ទោស​ពួក​អភិជន និង​ពួក​អ្នក​គ្រប់‌គ្រង។ ខ្ញុំ​ពោល​ទៅ​ពួក​គេ​ថា៖ «អស់​លោក​ឲ្យ​ប្រាក់​បង‌ប្អូន​រួម​ជាតិ​ខ្ចី ដោយ​យក​ការ​យ៉ាង​ធ្ងន់​បែប​នេះ​ឬ!»។ ខ្ញុំ​បាន​កោះ​ហៅ​ពួក​គេ​ឲ្យ​មក​ជួប‌ជុំ​គ្នា ជា​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ។

8 ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «យើង​តែងតែ​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​លោះ​ជន​រួម​ជាតិ​របស់​យើង ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ។ ចំណែក​ឯ​អស់​លោក​វិញ អស់​លោក​បែរ​ជា​យក​បង‌ប្អូន​រួម​ជាតិ​របស់​ខ្លួន​ទៅ​លក់​ឲ្យ​ជន‌ជាតិ​យូដា​ដូច​គ្នា!»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា រក​ពាក្យ​ឆ្លើយ​មិន​បាន​ឡើយ។

9 ខ្ញុំ​ក៏​ពោល​ទៀត​ថា៖ «អស់​លោក​ប្រព្រឹត្ត​បែប​នេះ​មិន​ល្អ​ទេ! អស់​លោក​គួរ​តែ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​នៃ​យើង ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង​ប្រមាថ​មាក់‌ងាយ​យើង​បាន។

10 ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ព្រម​ទាំង​បង‌ប្អូន និង​អ្នក​បម្រើ​របស់​ខ្ញុំ ក៏​បាន​ឲ្យ​ប្រាក់ និង​ស្រូវ ទៅ​ពួក​គេ​ខ្ចី​ដែរ។ ដូច្នេះ យើង​មិន​ត្រូវ​ទារ​បំណុល​ពី​ពួក​គេ​ឡើយ។

11 ចូរ​ប្រគល់​ដី​ស្រែ​ចម្ការ​ទំពាំង‌បាយជូរ ចម្ការ​អូលីវ និង​ផ្ទះ​របស់​គេ​ឲ្យ​គេ​វិញ នៅ​ថ្ងៃ​នេះ​ទៅ ហើយ​ក៏​កុំ​ទារ​ប្រាក់ ស្រូវ ស្រា និង​ប្រេង ដែល​អស់​លោក​ចាត់​ទុក​ជា​ការ​នោះ​ដែរ»។

12 អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រគល់​ឲ្យ​ពួក​គេ​វិញ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាម‌ទារ​អ្វី​ពី​ពួក​គេ​ទៀត​ដែរ យើង​ខ្ញុំ​ធ្វើ​តាម​ពាក្យ​របស់​លោក»។ពេល​នោះ ខ្ញុំ​បាន​ហៅ​អស់​លោក​បូជា‌ចារ្យ​មក ហើយ​ខ្ញុំ​ឲ្យ​ម្ចាស់​បំណុល​ស្បថ​នៅ​មុខ​បូជា‌ចារ្យ​ទាំង​នោះ​ថា ពួក​គេ​នឹង​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​ខ្លួន។