11 ខ្ញុំឆ្លើយវិញថា៖ «មនុស្សដូចខ្ញុំនេះមិនចេះរត់គេចខ្លួនទេ! មួយវិញទៀត មនុស្សដូចខ្ញុំនេះមិនអាចចូលទៅក្នុងទីសក្ការៈ ហើយនៅរស់បានទៀតទេ។ ខ្ញុំមិនចូលទៅក្នុងព្រះវិហារឡើយ»។
12 ខ្ញុំយល់ឃើញថា ព្រះជាម្ចាស់មិនបានចាត់គាត់ ឲ្យនាំពាក្យនេះមកថ្លែងប្រាប់ខ្ញុំទេ។ គាត់ពោលដូច្នេះ មកពីលោកសាន់បាឡាត់ និងលោកថូប៊ីយ៉ា សូកគាត់។
13 ពួកគេសូកគាត់មកពីគេសង្ឃឹមថា ខ្ញុំនឹងភ័យខ្លាច ហើយធ្វើតាមយោបល់របស់គាត់ ជាហេតុនាំឲ្យខ្ញុំប្រព្រឹត្តអំពើបាប រួចគេនឹងយករឿងនេះទៅបរិហារ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ។
14 «ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអំពើដែលលោកថូប៊ីយ៉ា និងលោកសាន់បាឡាត់បានប្រព្រឹត្ត ហើយសូមនឹកចាំពីព្យាការិនីណូអាឌា និងព្យាការីឯទៀតៗ ដែលចង់បំភ័យទូលបង្គំដែរ»។
15 កំពែងក្រុងត្រូវបានជួសជុលចប់សព្វគ្រប់ នៅថ្ងៃទីម្ភៃប្រាំ ខែភទ្របទ គឺអស់រយៈពេលហាសិបពីរថ្ងៃ។
16 ពេលខ្មាំងសត្រូវក្នុងចំណោមប្រជាជាតិ ដែលនៅជុំវិញយើង ដឹងដំណឹងនេះ ពួកគេនាំគ្នាភ័យខ្លាច។ ពួកគេបាក់មុខ ហើយយល់ឃើញថា សំណង់នេះសម្រេចជារូបរាងឡើង ដោយសារព្រះនៃយើងបានជួយ។
17 នៅគ្រានោះ ពួកអភិជននៅស្រុកយូដាតែងតែសរសេរលិខិតឆ្លើយឆ្លង ជាមួយលោកថូប៊ីយ៉ាជាញឹកញាប់