នេហេ‌មា 6:7-13 KHSV

7 លោក​ក៏​បាន​តែង‌តាំង​ពួក​ព្យាការី​ឲ្យ​ប្រកាស​នៅ​ក្រុង​យេរូ‌សាឡឹម ស្ដី​អំពី​រូប​លោក​ថា មាន​ស្ដេច​មួយ​អង្គ​នៅ​ស្រុក​យូដា​ហើយ! ដំណឹង​បែប​នេះ​មុខ​ជា​លេច​ឮ​ទៅ​ដល់​ព្រះចៅ​អធិរាជ​មិន​ខាន។ ដូច្នេះ សូម​អញ្ជើញ​មក យើង​នឹង​ពិភាក្សា​គ្នា»។

8 ខ្ញុំ​ផ្ញើ​ចម្លើយ​ទៅ​គាត់​វិញ​ថា៖ «ពាក្យ​ចចាម‌អារ៉ាម​ដែល​លោក​រៀប​រាប់​នេះ មិន​ពិត​ទាល់​តែ​សោះ គឺ​លោក​ទេ​តើ​ដែល​ប្រឌិត​រឿង​ទាំង​នេះ!»។

9 អ្នក​ទាំង​នោះ​មាន​បំណង​បំភ័យ​ពួក​យើង ដោយ​គិត​ថា​ពួក​យើង​មុខ​ជា​បាក់​ទឹក​ចិត្ត លែង​ធ្វើ​ការ​ត​ទៅ​មុខ​ទៀត។ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រទាន​កម្លាំង​ឲ្យ​ទូលបង្គំ​ឥឡូវ​នេះ​ផង!

10 ខ្ញុំ​ទៅ​ផ្ទះ​លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​ដេឡា‌យ៉ា និង​ជា​ចៅ​របស់​លោក​មហេ‌ថាបែល ដ្បិត​គាត់​ពុំ​អាច​ចេញ​ពី​ផ្ទះ​បាន​ទេ។ គាត់​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​យើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ជា​មួយ​គ្នា រួច​ចូល​ទៅ​ខាង​ក្នុង​ទី‌សក្ការៈ និង​បិទ​ទ្វារ​យ៉ាង​ជិត ដ្បិត​ពួក​គេ​នាំ​គ្នា​មក​រក​សម្លាប់​លោក នៅ​ពេល​យប់»។

11 ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​ចេះ​រត់​គេច​ខ្លួន​ទេ! មួយ​វិញ​ទៀត មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​អាច​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ហើយ​នៅ​រស់​បាន​ទៀត​ទេ។ ខ្ញុំ​មិន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ឡើយ»។

12 ខ្ញុំ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មិន​បាន​ចាត់​គាត់ ឲ្យ​នាំ​ពាក្យ​នេះ​មក​ថ្លែង​ប្រាប់​ខ្ញុំ​ទេ។ គាត់​ពោល​ដូច្នេះ មក​ពី​លោក​សាន់បា‌ឡាត់ និង​លោក​ថូប៊ី‌យ៉ា សូក​គាត់។

13 ពួក​គេ​សូក​គាត់​មក​ពី​គេ​សង្ឃឹម​ថា ខ្ញុំ​នឹង​ភ័យ​ខ្លាច ហើយ​ធ្វើ​តាម​យោបល់​របស់​គាត់ ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប រួច​គេ​នឹង​យក​រឿង​នេះ​ទៅ​បរិហារ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ។