1 នៅពេលសង់កំពែងឡើងវិញរួចរាល់ហើយ ខ្ញុំក៏បានដាក់សន្លឹកទ្វារក្រុង ហើយគេចាត់តាំងឲ្យមានអ្នកយាមទ្វារ អ្នកចម្រៀង និងពួកលេវីឡើងវិញ។
2 ខ្ញុំបានចាត់តាំងមនុស្សពីរនាក់ឲ្យគ្រប់គ្រងលើទីក្រុង គឺលោកហាណានី ជាប្អូនរបស់ខ្ញុំ និងលោកហាណានា ជាមេបញ្ជាការបន្ទាយក្រុងយេរូសាឡឹម ហើយមានចិត្តស្មោះត្រង់ និងគោរពកោតខ្លាចព្រះជាម្ចាស់ជាងគេទាំងអស់។
3 ខ្ញុំបញ្ជាអ្នកទាំងពីរថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡឹមមុនពេលព្រះអាទិត្យបញ្ចេញកម្ដៅឡើយ ហើយនៅពេលល្ងាចត្រូវឲ្យគេខ្ទាស់រនុក មុនពេលដែលអ្នកយាមចាកចេញពីកន្លែងយាម។ រីឯអ្នកក្រុងយេរូសាឡឹម ត្រូវដាក់វេនគ្នាយាមនៅមុខផ្ទះរបស់ខ្លួន»។
4 យេរូសាឡឹមជាក្រុងមួយធំទូលាយ ប៉ុន្តែ មានប្រជាជនតិចរស់នៅ ហើយមានផ្ទះជាច្រើនដែលពុំទានបានសង់ឡើងវិញនៅឡើយ។
5 ព្រះរបស់ខ្ញុំបានបណ្ដាលចិត្តខ្ញុំឲ្យប្រមូលពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនមកជួបជុំគ្នា ដើម្បីជំរឿនប្រជាជន។ ខ្ញុំបានពិនិត្យមើលបញ្ជីរាយនាមក្រុមគ្រួសាររបស់អស់អ្នកដែលវិលមកក្រុងយេរូសាឡឹមមុនគេ ឃើញមានឈ្មោះដូចតទៅ:
6 ក្នុងចំណោមអស់អ្នកដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលត្រឡប់មកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។