31 ដោយព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំងព្រះអង្គមិនលុបបំបាត់ពួកគេឬបោះបង់ចោលពួកគេឡើយដ្បិតព្រះអង្គជាព្រះដែលមានព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ។
32 ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គជាព្រះដ៏ឧត្ដមប្រកបដោយឫទ្ធានុភាពគួរឲ្យស្ញែងខ្លាចព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រីហើយមានព្រះហឫទ័យមេត្តាករុណាជានិច្ច។ឥឡូវនេះ សូមទ្រង់មេត្តាទតមកយើងខ្ញុំដែលកំពុងរងទុក្ខលំបាកគឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំបូជាចារ្យរបស់យើងខ្ញុំ ព្យាការីរបស់យើងខ្ញុំដូនតារបស់យើងខ្ញុំនិងប្រជាជនទាំងមូលរបស់ព្រះអង្គចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរីរហូតដល់សព្វថ្ងៃនេះ។
33 ហេតុការណ៍ទាំងប៉ុន្មានដែលកើតមានដល់យើងខ្ញុំបញ្ជាក់ថាព្រះអង្គប្រព្រឹត្តចំពោះយើងខ្ញុំដោយយុត្តិធម៌ និងសុចរិតមែនព្រោះយើងខ្ញុំបានធ្វើអំពើអាក្រក់។
34 ស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំបូជាចារ្យរបស់យើងខ្ញុំ និងដូនតារបស់យើងខ្ញុំពុំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គហើយពួកគេក៏ពុំយកចិត្តទុកដាក់នឹងបទបញ្ជាឬការព្រមានផ្សេងៗដែលព្រះអង្គមានព្រះបន្ទូលមកកាន់ពួកគេដែរ។
35 នៅគ្រាដែលគេរស់ក្នុងនគររបស់ខ្លួនព្រះអង្គប្រទានឲ្យពួកគេមានអ្វីៗគ្រប់យ៉ាងដ៏សម្បូណ៌សប្បាយក្នុងទឹកដីដ៏ទូលំទូលាយ និងមានជីជាតិល្អពួកគេពុំព្រមគោរពបម្រើព្រះអង្គទេហើយក៏ពុំព្រមងាកចេញពីអំពើអាក្រក់របស់ខ្លួនដែរ។
36 ថ្ងៃនេះ យើងខ្ញុំបានធ្លាក់ខ្លួនជាទាសករ!យើងខ្ញុំធ្វើជាទាសករក្នុងស្រុកដែលព្រះអង្គប្រទានឲ្យបុព្វបុរសរបស់យើងខ្ញុំដើម្បីឲ្យពួកគេបរិភោគផលផ្លែនិងទទួលភោគទ្រព្យនៅក្នុងស្រុក!
37 ប៉ុន្តែ ភោគផលដ៏សម្បូណ៌ហូរហៀរទាំងនេះបែរជាបម្រុងទុកសម្រាប់ស្ដេចនានាដែលព្រះអង្គឲ្យយើងខ្ញុំធ្វើជាចំណុះព្រោះតែអំពើបាបរបស់យើងខ្ញុំ។គេត្រួតត្រាលើរូបកាយយើងខ្ញុំនិងប្រើប្រាស់សត្វពាហនៈរបស់យើងខ្ញុំតាមអំពើចិត្តរបស់គេយើងខ្ញុំរងទុក្ខវេទនាខ្លាំងណាស់!»។