12 ពួកវាយំទារអាហារ និងទឹកពីម្ដាយពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុងដូចអ្នករបួសហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។
13 ក្រុងស៊ីយ៉ូនអើយតើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀតនាងក្រមុំស៊ីយ៉ូនអើយតើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹមដើម្បីសម្រាលទុក្ខនាងបាន?ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរតើនរណាអាចព្យាបាលនាងបាន?
14 ពួកព្យាការីរបស់នាងបាននាំសុបិននិមិត្តឥតបានការ និងឥតខ្លឹមសារមកប្រាប់នាងពួកគេពុំបានបង្ហាញអំពើអាក្រក់របស់នាងដើម្បីស្ដារស្រុករបស់នាងឡើងវិញឡើយផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្តឥតបានការមកបញ្ឆោតនាង។
15 អស់អ្នកដើរកាត់តាមនេះគេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាលចំអកឲ្យប្រជាជនក្រុងយេរូសាឡឹមទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែសរសើរថាស្អាតបំផុត និងសប្បាយបំផុតនៅលើផែនដី?”។
16 ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាងពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា“យើងបានត្របាក់លេបវាហើយ!ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយយើងបានឃើញផ្ទាល់នឹងភ្នែកហើយ!”
17 ព្រះអម្ចាស់សម្រេចតាមគម្រោងការរបស់ព្រះអង្គព្រះអង្គធ្វើតាមព្រះបន្ទូលដែលព្រះអង្គថ្លែងទុកតាំងពីយូរលង់ណាស់មកហើយព្រះអង្គបានកម្ទេចនាង ឥតត្រាប្រណីព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវអរសប្បាយដោយឃើញនាងបរាជ័យព្រះអង្គប្រទានកម្លាំងឲ្យបច្ចាមិត្តរបស់នាង។
18 កំពែងក្រុងស៊ីយ៉ូនអើយចូរស្រែកអង្វរព្រះអម្ចាស់យ៉ាងអស់ពីចិត្តចូរបង្ហូរទឹកភ្នែកឲ្យហូរដូចទឹកទន្លេចូរយំទាំងថ្ងៃ ទាំងយប់ឥតស្រាកស្រាន្តសោះឡើយ។