9 ព្រះអង្គកម្ទេចទ្វារក្រុងឲ្យស្រុតកប់ទៅក្នុងដីព្រមទាំងបំបាក់រនុកទៀតផង។ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយក្នុងចំណោមប្រជាជាតិទាំងឡាយក្រឹត្យវិន័យលែងមានទៀតហើយសូម្បីតែពួកព្យាការីក៏លែងនិមិត្តឃើញការអស្ចារ្យពីព្រះអម្ចាស់ទៀតដែរ។
10 ព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូននាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើតពួកគេរោយធូលីដីលើក្បាលហើយស្លៀកបាវកាន់ទុក្ខ។ស្រីក្រមុំនៅក្រុងយេរូសាឡឹមនាំគ្នាដើរអោនមុខយ៉ាងអាម៉ាស់។
11 ខ្ញុំយំទាល់តែហើមភ្នែកចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។កូនក្មេង និងទារកដេកដួលនៅតាមផ្លូវក្នុងបុរីនេះ។
12 ពួកវាយំទារអាហារ និងទឹកពីម្ដាយពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុងដូចអ្នករបួសហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។
13 ក្រុងស៊ីយ៉ូនអើយតើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀតនាងក្រមុំស៊ីយ៉ូនអើយតើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹមដើម្បីសម្រាលទុក្ខនាងបាន?ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរតើនរណាអាចព្យាបាលនាងបាន?
14 ពួកព្យាការីរបស់នាងបាននាំសុបិននិមិត្តឥតបានការ និងឥតខ្លឹមសារមកប្រាប់នាងពួកគេពុំបានបង្ហាញអំពើអាក្រក់របស់នាងដើម្បីស្ដារស្រុករបស់នាងឡើងវិញឡើយផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្តឥតបានការមកបញ្ឆោតនាង។
15 អស់អ្នកដើរកាត់តាមនេះគេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាលចំអកឲ្យប្រជាជនក្រុងយេរូសាឡឹមទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែសរសើរថាស្អាតបំផុត និងសប្បាយបំផុតនៅលើផែនដី?”។