39 ទោះបីមនុស្សម្នាក់ៗប្រព្រឹត្តអំពើបាបក្ដីក៏ព្រះអង្គទុកឲ្យគេនៅរស់ដដែលដូច្នេះ ហេតុអ្វីបានជានាំគ្នារអ៊ូរទាំ!
40 តោងយើងពិនិត្យពិច័យ និងស្ទង់មើលកិរិយាមារយាទរបស់ខ្លួនហើយបែរចិត្តគំនិតមករកព្រះអម្ចាស់វិញ។
41 ពេលយើងលើកដៃអធិស្ឋាន*រកព្រះជាម្ចាស់ដែលគង់នៅស្ថានបរមសុខ*តោងយើងផ្ចង់ចិត្តទៅរកព្រះអង្គដែរ។
42 ព្រះអម្ចាស់អើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាបហើយបះបោរប្រឆាំងនឹងព្រះអង្គព្រះអង្គមិនអត់ទោសឲ្យយើងខ្ញុំទេ។
43 ព្រះអង្គតាមប្រហារជីវិតយើងខ្ញុំព្រះពិរោធបានបាំងព្រះអង្គមិនឲ្យត្រាប្រណីយើងខ្ញុំ។
44 ព្រះអង្គពួននៅក្នុងពពក*ដើម្បីកុំឲ្យពាក្យដែលយើងខ្ញុំទូលអង្វរឮទៅដល់ព្រះអង្គឡើយ។
45 ព្រះអង្គបានធ្វើឲ្យយើងខ្ញុំក្លាយទៅជាសំរាម ដែលគ្មាននរណារាប់រកក្នុងចំណោមជាតិសាសន៍ទាំងឡាយ។