1 «ពួកបូជាចារ្យអើយឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ:
2 ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើងប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេយើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមានក្នុងចំណោមអ្នករាល់គ្នា។យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នាក្លាយទៅជាបណ្ដាសាមែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នាក្លាយទៅជាបណ្ដាសាព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ។
3 យើងប្រកាសប្រាប់អ្នករាល់គ្នាហើយថាយើងនឹងដាក់ទោសពូជពង្សរបស់អ្នករាល់គ្នាយើងនឹងជះលាមកលើមុខអ្នករាល់គ្នាគឺលាមកសត្វដែលអ្នករាល់គ្នាសម្លាប់ធ្វើយញ្ញបូជាក្នុងពិធីបុណ្យផ្សេងៗ។គេនឹងយកអ្នករាល់គ្នាចេញទៅក្រៅជាមួយលាមកសត្វនោះដែរ។
4 ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាបានព្រមានអ្នករាល់គ្នាដើម្បីឲ្យសម្ពន្ធមេត្រី ដែលយើងចងជាមួយកុលសម្ព័ន្ធលេវី ស្ថិតនៅគង់វង្ស- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
5 សម្ពន្ធមេត្រីដែលយើងចងជាមួយលេវីនោះគឺយើងផ្ដល់ជីវិត និងសេចក្ដីសុខសាន្តដល់គេហើយឲ្យគេគោរពកោតខ្លាចនាមយើងនិងភ័យញាប់ញ័រនៅចំពោះមុខយើង។
6 គេបង្រៀនក្រឹត្យវិន័យដ៏ត្រឹមត្រូវហើយមិនពោលពាក្យបោកបញ្ឆោតទេ។គេរស់នៅជាមួយយើងដោយសុខសាន្តនិងដោយទៀងត្រង់ព្រមទាំងណែនាំមនុស្សជាច្រើនឲ្យងាកចេញពីអំពើអាក្រក់។
7 ពាក្យសម្ដីរបស់បូជាចារ្យបង្រៀនមនុស្សឲ្យស្គាល់ព្រះជាម្ចាស់ហើយក្រឹត្យវិន័យក៏ហូរចេញពីមាត់បូជាចារ្យដែរព្រោះគាត់ជាអ្នកនាំព្រះបន្ទូលរបស់ ព្រះអម្ចាស់នៃពិភពទាំងមូល។
8 រីឯអ្នករាល់គ្នាវិញអ្នករាល់គ្នាបានងាកចេញពីមាគ៌ានេះការបង្រៀនរបស់អ្នករាល់គ្នាបាននាំមនុស្សជាច្រើនឲ្យវង្វេង។អ្នករាល់គ្នាបានបំពានលើសម្ពន្ធមេត្រីដែលយើងបានចងជាមួយកុលសម្ព័ន្ធលេវី- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
9 ដូច្នេះ យើងនឹងឲ្យប្រជាជនទាំងមូលប្រមាថមាក់ងាយ បន្តុះបង្អាប់អ្នករាល់គ្នាដ្បិតអ្នករាល់គ្នាមិនធ្វើតាមមាគ៌ារបស់យើងទេហើយអ្នករាល់គ្នាបង្រៀនក្រឹត្យវិន័យដល់ប្រជាជនដោយរើសមុខ»។
10 ពួកយើងទាំងអស់គ្នាមានឪពុកតែមួយគត់ហើយព្រះជាម្ចាស់ដែលបង្កើតពួកយើងមកក៏មានតែមួយព្រះអង្គដែរហេតុដូចម្ដេចបានជាពួកយើងក្បត់គ្នាទៅវិញទៅមក ដោយបំពានលើសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរសរបស់ពួកយើងដូច្នេះ?
11 ជនជាតិយូដាបានក្បត់នឹងសម្ពន្ធមេត្រីនេះពួកគេបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើមនៅស្រុកអ៊ីស្រាអែល និងនៅក្រុងយេរូសាឡឹម។យូដាបានប្រមាថទីសក្ការៈរបស់ព្រះអម្ចាស់ជាកន្លែងដែលព្រះអង្គស្រឡាញ់គឺពួកគេរៀបការជាមួយស្ត្រីដែលថ្វាយបង្គំព្រះដទៃ។
12 សូមព្រះអម្ចាស់ដកអ្នកដែលប្រព្រឹត្តដូច្នេះចេញពីចំណោមពូជពង្សរបស់លោកយ៉ាកុបហើយកុំឲ្យគេមានកូនចៅដើម្បីចូលរួមថ្វាយតង្វាយដល់ ព្រះអម្ចាស់នៃពិភពទាំងមូលឡើយ។
13 អ្នករាល់គ្នាបានប្រព្រឹត្តការមួយទៀតគឺអ្នករាល់គ្នាយំសោកសង្រេង សម្រក់ទឹកភ្នែកជោកអាសនៈរបស់ព្រះអម្ចាស់នៃពិភពទាំងមូលព្រោះព្រះអង្គលែងរវីរវល់នឹងតង្វាយរបស់អ្នករាល់គ្នាព្រះអង្គមិនសព្វព្រះហឫទ័យនឹងអ្វីៗដែលអ្នករាល់គ្នាយកមកថ្វាយទេ។
14 អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាដូច្នេះ?”គឺកាលពីនៅក្មេង អ្នកបានរៀបការដោយយកព្រះអម្ចាស់ធ្វើសាក្សី។នាងជាគូស្រករ ជាភរិយាពេញច្បាប់របស់អ្នកតែអ្នកបានក្បត់ចិត្តចោលនាង។
15 តើព្រះអម្ចាស់មិនបានផ្សំផ្គុំអ្នកទាំងពីរឲ្យទៅជារូបកាយតែមួយមានចិត្តគំនិតតែមួយទេឬ?ព្រះអង្គធ្វើដូច្នេះ ក្នុងគោលបំណងអ្វី?គឺឲ្យអ្នកទាំងពីរបង្កើតកូនចៅដែលជាអំណោយទានរបស់ព្រះជាម្ចាស់។ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អគឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយាដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។
16 ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ព្រះអង្គមិនសព្វព្រះហឫទ័យនឹងការលែងលះគ្នាទេហើយព្រះអម្ចាស់នៃពិភពទាំងមូលក៏មិនសព្វព្រះហឫទ័យនឹងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅបែបនេះចំពោះភរិយារបស់ខ្លួនដែរ!ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អមិនត្រូវមានចិត្តក្បត់ឡើយ។
17 អ្នករាល់គ្នាធ្វើឲ្យព្រះអម្ចាស់នឿយណាយព្រោះតែពាក្យសម្ដីរបស់អ្នករាល់គ្នាតែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើងមានធ្វើអ្វីឲ្យព្រះអង្គនឿយហត់?”គឺមកពីអ្នករាល់គ្នាពោលថា:“អ្នកណាប្រព្រឹត្តអំពើអាក្រក់អ្នកនោះជាមនុស្សល្អនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សបែបនេះ!”ហើយអ្នករាល់គ្នាពោលទៀតថា:“តើព្រះដែលវិនិច្ឆ័យដោយយុត្តិធម៌នៅឯណា?”។