1 «អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះក្លែងក្លាយ មិនត្រូវធ្វើរូបបដិមា ឬស្តូប ហើយក៏មិនត្រូវបញ្ឈរថ្មរចនានៅក្នុងស្រុករបស់អ្នករាល់គ្នា សម្រាប់ថ្វាយបង្គំឡើយ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
2 ចូរប្រារព្ធពិធីបុណ្យសប្ប័ទរបស់យើង ហើយគោរពទីសក្ការៈរបស់យើង ដ្បិតយើងជាព្រះអម្ចាស់។
3 ប្រសិនបើអ្នករាល់គ្នាកាន់តាមច្បាប់របស់យើង ហើយគោរព និងប្រតិបត្តិតាមបទបញ្ជារបស់យើង
4 នោះយើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល។ ដីនឹងផ្ដល់ភោគផល ហើយដើមឈើក៏ផ្ដល់ផ្លែដែរ។