លេវី‌វិន័យ 26:6-12 KHSV

6 យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​សុខ​សន្តិ‌ភាព អ្នក​រាល់​គ្នា​នឹង​សម្រាក​យ៉ាង​សុខ​ស្រួល គ្មាន​នរណា​មក​ធ្វើ​ឲ្យ​ភ័យ​ខ្លាច​ឡើយ។ យើង​កំចាត់​សត្វ​សាហាវ​ឲ្យ​អស់​ពី​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ហើយ​ក៏​គ្មាន​សង្គ្រាម​កើត​មាន​នៅ​ស្រុក​របស់​អ្នក​រាល់​គ្នា​ដែរ។

7 អ្នក​រាល់​គ្នា​ដេញ​តាម​ខ្មាំង​សត្រូវ ពួក​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ​នៅ​មុខ​អ្នក​រាល់​គ្នា។

8 អ្នក​រាល់​គ្នា​តែ​ប្រាំ​នាក់​នឹង​ដេញ​ប្រហារ​សត្រូវ​មួយ​រយ​នាក់ ហើយ​អ្នក​រាល់​គ្នា​មួយ​រយ​នាក់​នឹង​ដេញ​ប្រហារ​សត្រូវ​មួយ​ម៉ឺន​នាក់។ ខ្មាំង​សត្រូវ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ នៅ​មុខ​អ្នក​រាល់​គ្នា។

9 យើង​នឹង​សម្តែង​ចិត្ត​មេត្តា​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ច្រើន​ឡើង។ យើង​នឹង​រក្សា​សម្ពន្ធ‌មេត្រី*​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា។

10 អ្នក​រាល់​គ្នា​នឹង​បរិភោគ​ស្រូវ​ចាស់ បន្ទាប់​មក អ្នក​រាល់​គ្នា​យក​ស្រូវ​ចាស់​ចេញ​ពី​ជង្រុក ដើម្បី​ដាក់​ស្រូវ​ថ្មី​វិញ។

11 យើង​នឹង​រស់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា យើង​នឹង​មិន​ឃ្លាត​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ឡើយ។

12 យើង​នឹង​ស្ថិត​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង។