1 នេះជានិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះជាម្ចាស់សម្តែងឲ្យលោកអូបាឌាឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់អំពីស្រុកអេដុម។ ព្រះអម្ចាស់ប្រទានដំណឹងមកពួកយើងព្រះអង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅប្រកាសក្នុងចំណោមប្រជាជាតិទាំងឡាយថា:“ចូរក្រោកឡើង នាំគ្នាវាយសម្រុកចូរវាយលុកស្រុកអេដុមទៅ!”។
2 «យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាប្រជាជាតិមួយតូចជាងគេជាប្រជាជាតិមួយដែលគេមើលងាយបំផុត។
3 ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯងអ្នករស់នៅតាមក្រហែងថ្មនិងនៅតាមកន្លែងខ្ពស់ៗអ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំចុះទៅដីបានទេ!”។
4 ទោះបីអ្នកឡើងទៅលើ ខ្ពស់ដូចសត្វឥន្ទ្រីទោះបីអ្នកលើកទ្រនំរបស់អ្នកទៅដាក់នៅក្នុងចំណោមផ្កាយក្ដីក៏យើងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីវិញដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
5 ប្រសិនបើមានចោរលួចចោរប្លន់ចូលមកក្នុងផ្ទះរបស់អ្នកនៅពេលយប់នោះអ្នកនឹងបាត់បង់អ្វីៗទាំងអស់!គេនឹងលួចយកអ្វីៗដែលគេអាចយកបាន។ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរមកដល់ស្រុកអ្នកគេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។
6 អេសាវអើយ គេគាស់កកាយស្រុកអ្នកហើយប្រមូលយកកំណប់ទ្រព្យរបស់អ្នក។
7 បក្សសម្ព័ន្ធរបស់អ្នកនឹងដេញអ្នកចេញពីទឹកដីរបស់ខ្លួន។មិត្តភក្ដិរបស់អ្នកបោកបញ្ឆោតអ្នកហើយយកអ្នកធ្វើជានគរចំណុះ។ពួកដែលបរិភោគអាហារជាមួយអ្នកនាំគ្នាដាក់អន្ទាក់ចាប់អ្នកទាំងពោលថា អ្នកលែងមានអ្នកប្រាជ្ញហើយ។
8 ពិតមែនហើយ នៅថ្ងៃនោះ យើងនឹងបំបាត់អ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុមហើយបំបាត់អ្នកឈ្លាសវៃឲ្យអស់ពីភ្នំអេសាវ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9 ក្រុងថេម៉ានអើយ ទាហានដ៏អង់អាចរបស់អ្នកនឹងភ័យញ័ររន្ធត់ខ្មាំងសម្លាប់រង្គាលទាហានទាំងប៉ុន្មាននៅភ្នំនៃស្រុកអេសាវអស់គ្មានសល់!
10 អ្នកនឹងត្រូវអាម៉ាស់ និងវិនាសរហូតព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្តចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។
11 នៅថ្ងៃដែលខ្មាំងកៀរកងកម្លាំងរបស់អ៊ីស្រាអែលទៅជាឈ្លើយនៅពេលដែលសាសន៍ដទៃចូលតាមទ្វារក្រុងយេរូសាឡឹមរឹបអូសយកអ្វីៗក្នុងទីក្រុងចាប់ឆ្នោតចែកគ្នាអ្នកក៏នៅទីនោះ ហើយប្រព្រឹត្តដូចពួកគេដែរ។
12 នៅថ្ងៃដែលប្អូនរបស់អ្នកត្រូវអន្តរាយអ្នកមិនគួរឈរមើល ទាំងមានអំណរដូច្នេះទេនៅថ្ងៃដែលកូនចៅយូដាវិនាសអ្នកមិនគួរអរសប្បាយឡើយនៅថ្ងៃដែលគេរងទុក្ខវេទនាអ្នកមិនគួរហាមាត់ជេរប្រមាថដូច្នេះសោះ!
13 នៅថ្ងៃប្រជារាស្ត្ររបស់យើងជួបមហន្តរាយអ្នកមិនត្រូវចូលទៅក្នុងក្រុងរបស់គេទេ។នៅថ្ងៃគេជួបមហន្តរាយអ្នកមិនត្រូវឈរមើលទាំងមានអំណរដោយឃើញគេរងទុក្ខវេទនា។នៅថ្ងៃគេជួបមហន្តរាយអ្នកមិនត្រូវឆ្លៀតលួចយកទ្រព្យសម្បត្តិរបស់គេឡើយ។
14 អ្នកមិនត្រូវចាំស្កាត់នៅតាមផ្លូវបំបែកដើម្បីប្រល័យជីវិតអ្នកដែលរត់គេចខ្លួននៅថ្ងៃគេជួបអាសន្នអ្នកមិនត្រូវប្រគល់អស់អ្នកដែលបានរួចជីវិតទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងឡើយ!»។
15 ថ្ងៃដែលព្រះអម្ចាស់វិនិច្ឆ័យទោសប្រជាជាតិទាំងអស់ ជិតមកដល់ហើយព្រះអង្គនឹងប្រព្រឹត្តចំពោះអ្នកដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន!
16 «ចំណែកឯអ្នករាល់គ្នាវិញ អ៊ីស្រាអែលអើយអ្នករាល់គ្នាបានផឹកពីពែងនៃទុក្ខទោសនៅលើភ្នំដ៏វិសុទ្ធរបស់យើងគ្រប់គ្រាន់ហើយ។នៅពេលខាងមុខ ប្រជាជាតិទាំងអស់ក៏នឹងផឹកពីពែងនេះឥតឈប់ឡើយពួកគេផឹករហូតទាល់តែស្រវឹងហើយវិនាសសូន្យទាំងអស់គ្នា។
17 អស់អ្នកនៅសេសសល់ពីស្លាប់នឹងនាំគ្នាមករស់នៅលើភ្នំស៊ីយ៉ូនដែលបានវិសុទ្ធឡើងវិញកូនចៅយ៉ាកុបនឹងយកទឹកដីដែលសត្រូវដណ្ដើមបាននោះមកវិញ។
18 កូនចៅយ៉ាកុបនឹងប្រៀបដូចជាភ្លើងកូនចៅយ៉ូសែបប្រៀបដូចជាអណ្ដាតភ្លើងរីឯកូនចៅអេសាវនឹងប្រៀបដូចជាចំបើងដែលត្រូវភ្លើងឆាបឆេះហើយក្នុងចំណោមកូនចៅរបស់អេសាវគ្មាននរណាម្នាក់បានរួចជីវិតឡើយ»ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។
19 ប្រជាជនយូដានឹងកាន់កាប់តំបន់ណេកិបគឺភ្នំរបស់អេសាវពួកគេនឹងគ្រប់គ្រងលើស្រុកវាលជាទឹកដីរបស់ជនជាតិភីលីស្ទីន។ព្រមទាំងគ្រប់គ្រងលើស្រុកសាម៉ារីជាទឹកដីរបស់អេប្រាអ៊ីម។រីឯកុលសម្ព័ន្ធបេនយ៉ាមីននឹងគ្រប់គ្រងលើស្រុកកាឡាដ។
20 ជនជាតិអ៊ីស្រាអែលដែលមានចំនួនយ៉ាងច្រើនហើយត្រូវខ្មាំងកៀរទៅជាឈ្លើយនោះនឹងកាន់កាប់លើស្រុកកាណានរហូតដល់សារិបតា។ប្រជាជនក្រុងយេរូសាឡឹមដែលជាប់ជាឈ្លើយនៅសេផារ៉ាដនឹងគ្រប់គ្រងលើក្រុងនានានៅតំបន់ណេកិប។អ្នករំដោះស្រុកនឹងឡើងទៅលើភ្នំស៊ីយ៉ូនហើយត្រួតត្រាលើភ្នំរបស់អេសាវហើយព្រះអម្ចាស់នឹងគ្រងរាជ្យ។