9 ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុតព្រមទាំងប្រោសប្រទានឲ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់
10 ដើម្បីឲ្យអ្វីៗទាំងអស់ទាំងនៅស្ថានបរមសុខ*ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ
11 និងឲ្យមនុស្សគ្រប់ភាសាប្រកាសឡើងថាព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។
12 ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេស ពេលខ្ញុំនៅឆ្ងាយ សូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល
13 ដ្បិតព្រះជាម្ចាស់ទេតើ ដែលធ្វើឲ្យបងប្អូនមានទាំងបំណង មានទាំងសមត្ថភាពអាចនឹងប្រព្រឹត្តតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ។
14 ចូរធ្វើកិច្ចការទាំងអស់ ដោយឥតរអ៊ូរទាំ ឬជជែកតវ៉ាឡើយ
15 ដើម្បីឲ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក