7 ក៏ប៉ុន្តែ អ្វីៗដែលខ្ញុំធ្លាប់គិតថាមានតម្លៃសម្រាប់ខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថាឥតបានការទៅវិញ ព្រោះតែព្រះគ្រិស្ដ
8 គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់ព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែព្រះអង្គ ខ្ញុំសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាម ឲ្យតែខ្ញុំបានព្រះគ្រិស្ដ
9 និងឲ្យតែខ្ញុំបានរួមជាមួយព្រះអង្គ។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមក្រឹត្យវិន័យនោះឡើយ គឺបានសុចរិត ដោយជឿលើព្រះគ្រិស្ដ ហើយសេចក្ដីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ
10 បំណងរបស់ខ្ញុំ គឺចង់ស្គាល់ព្រះគ្រិស្ដ និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឲ្យបានដូចព្រះអង្គដែលសោយទិវង្គត
11 ដើម្បីឲ្យខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។
12 ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬបានគ្រប់លក្ខណៈ ហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខ ដើម្បីចាប់ឲ្យបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ត្រូវព្រះគ្រិស្ដយេស៊ូចាប់ខ្ញុំជាមុនដែរ។
13 បងប្អូនអើយ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា ខ្ញុំមិនទាន់បានទៅដល់ទីដៅនៅឡើយទេ ខ្ញុំមានបំណងតែមួយ គឺបំភ្លេចអ្វីៗទាំងអស់ដែលខ្ញុំរត់ហួសមកហើយ ដើម្បីផ្ចង់ចិត្តឆ្ពោះទៅរកអ្វីៗដែលនៅខាងមុខ។