ម៉ាកុស 16:7-13 KHSV

7 ចូរ​នាង​ទៅ​ប្រាប់​សិស្ស​របស់​ព្រះ‌អង្គ ព្រម​ទាំង​លោក​ពេត្រុស​ផង​ថា “ព្រះ‌អង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អង្គ ដូច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់”»។

8 ស្ត្រី​ទាំង​នោះ​ក៏​ចាក​ចេញ​ពី​ផ្នូរ ហើយ​រត់​ទៅ​ទាំង​ញ័រ​រន្ធត់ ស្លុត​ស្មារតី។ នាង​ពុំ​បាន​និយាយ​រឿង​នេះ​ប្រាប់​អ្នក​ណា​សោះ ព្រោះ​នាង​ភ័យ​ខ្លាំង​ពេក។[

9 ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ មុន​ដំបូង ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​នាង​ម៉ារី ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ឃើញ គឺ​នាង​ម៉ារី​នេះ​ហើយ​ដែល​ព្រះ‌អង្គ​បាន​ដេញ​អារក្ស​ប្រាំ‌ពីរ​ចេញ​ពី​នាង។

10 នាង​បាន​យក​ដំណឹង​នេះ​ទៅ​ប្រាប់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ​កាល​ពី​មុន។ អ្នក​ទាំង​នោះ​កំពុង​កាន់​ទុក្ខ ព្រម​ទាំង​យំ​សោក​ទៀត​ផង។

11 ពេល​គេ​ឮ​ថា ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​វិញ​ហើយ ហើយ​ឮ​ថា​នាង​បាន​ឃើញ​ព្រះ‌អង្គ គេ​មិន​ជឿ​នាង​ឡើយ។

12 បន្ទាប់​មក ព្រះ‌យេស៊ូ​បាន​បង្ហាញ​ព្រះ‌អង្គ​ឲ្យ​សិស្ស*​ពីរ​នាក់​ឃើញ តាម​ទ្រង់‌ទ្រាយ​មួយ​ផ្សេង​ទៀត​ក្នុង​ពេល​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស្រែ។

13 អ្នក​ទាំង​ពីរ​ក៏​នាំ​ដំណឹង​មក​ប្រាប់​សិស្ស*​ឯ​ទៀតៗ​ដែរ តែ​ពួក​គេ​មិន​ព្រម​ជឿ​ដដែល។