ម៉ាកុស 8:2-8 KHSV

2 «ខ្ញុំ​អាណិត​អាសូរ​បណ្ដា‌ជន​នេះ​ពន់‌ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិ‌ភោគ​សោះ។

3 ប្រសិន​បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​ពោះ​ទទេ គេ​មុខ​ជា​អស់​កម្លាំង​ដួល​តាម​ផ្លូវ​មិន​ខាន ព្រោះ​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ឆ្ងាយ»។

4 ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ តើ​រក​ម្ហូប​អាហារ​ឯ​ណា​ឲ្យ​គេ​បរិ‌ភោគ​ឆ្អែត​គ្រប់​គ្នា​បាន?»។

5 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ទូល​ថា៖ «មាន​ប្រាំ‌ពីរ​ដុំ»។

6 ព្រះ‌អង្គ​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី ទ្រង់​យក​នំប៉័ង​ទាំង​ប្រាំ‌ពីរ​ដុំ​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស*​ចែក​បណ្ដា‌ជន។

7 គេ​មាន​ត្រី​តូចៗ​ខ្លះ​ដែរ។ ព្រះ‌យេស៊ូ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រាប់​ពួក​សិស្ស​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ដល់​គេ។

8 គេ​បាន​បរិ‌ភោគ​ឆ្អែត​ទាំង​អស់​គ្នា ហើយ​ប្រមូល​នំប៉័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ‌ពីរ​ជាល។