ម៉ាកុស 8:21-27 KHSV

21 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ទាន់​យល់​ទៀត​ឬ!»។

22 ព្រះ‌យេស៊ូ និង​ពួក​សិស្ស*​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេត‌សៃ‌ដា។ នៅ​ពេល​នោះ មាន​គេ​នាំ​មនុស្ស​ខ្វាក់​ម្នាក់​មក​គាល់​ព្រះ‌អង្គ ហើយ​ទូល‌អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ពាល់​គាត់។

23 ព្រះ‌យេស៊ូ​ក៏​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ នាំ​ចេញ​ទៅ​ខាង​ក្រៅ​ភូមិ ព្រះ‌អង្គ​យក​ទឹក​ព្រះ‌ឱស្ឋ​ដាក់​លើ​ភ្នែក​គាត់ ហើយ​ដាក់​ព្រះ‌ហស្ដ​លើ​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​មើល​ឃើញ​អ្វី​ខ្លះ​ទេ?»

24 បុរស​នោះ​បើក​ភ្នែក​ឡើង​ទូល​ថា៖ «ខ្ញុំ​ឃើញ​មនុស្ស​ដើរ​ស្ទុងៗ មើល​ទៅ​ដូច​ជា​ដើម​ឈើ»។

25 ព្រះ‌យេស៊ូ​ក៏​ដាក់​ព្រះ‌ហស្ដ​លើ​ភ្នែក​គាត់​ម្ដង​ទៀត។ បុរស​នោះ​មើល​ឃើញ​ច្បាស់​ទាំង​អស់ ភ្នែក​គាត់​បាន​ជា។

26 ព្រះ‌យេស៊ូ​ប្រាប់​គាត់​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ភូមិ​ឲ្យ​សោះ»។

27 ព្រះ‌យេស៊ូ​ចេញ​ទៅ​តាម​ភូមិ​នានា ដែល​នៅ​ជិត​ក្រុង​សេសារា-‌ភីលីព​ជា​មួយ​ពួក​សិស្ស*។ នៅ​តាម​ផ្លូវ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​នរណា?»។