ម៉ាកុស 8:6-12 KHSV

6 ព្រះ‌អង្គ​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី ទ្រង់​យក​នំប៉័ង​ទាំង​ប្រាំ‌ពីរ​ដុំ​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស*​ចែក​បណ្ដា‌ជន។

7 គេ​មាន​ត្រី​តូចៗ​ខ្លះ​ដែរ។ ព្រះ‌យេស៊ូ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រាប់​ពួក​សិស្ស​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ដល់​គេ។

8 គេ​បាន​បរិ‌ភោគ​ឆ្អែត​ទាំង​អស់​គ្នា ហើយ​ប្រមូល​នំប៉័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ‌ពីរ​ជាល។

9 នៅ​ពេល​នោះ មាន​មនុស្ស​ទាំង​អស់​ប្រមាណ​ជា​បួន​ពាន់​នាក់។ បន្ទាប់​មក ព្រះ‌យេស៊ូ​ប្រាប់​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

10 ភ្លាម​នោះ ព្រះ‌អង្គ​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស​ឆ្ពោះ​ទៅ​តំបន់​ដាល់ម៉ា‌នូថា។

11 ពួក​ខាង​គណៈ​ផារី‌ស៊ី*​មក​ដល់ ហើយ​នាំ​គ្នា​ជជែក​ជា​មួយ​ព្រះ‌យេស៊ូ ដើម្បី​ល្បង‌ល​មើល​ព្រះ‌អង្គ គេ​សូម​ឲ្យ​ព្រះ‌អង្គ​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​អ្វី​មួយ​បញ្ជាក់​ថា ព្រះ‌អង្គ​បាន​ទទួល​អំណាច​ពី​ព្រះ‌ជាម្ចាស់។

12 ព្រះ‌យេស៊ូ​ដក​ដង្ហើម​ធំ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​មនុស្ស​ជំនាន់​នេះ​ចង់​ឃើញ​ទី​សម្គាល់​ដូច្នេះ? ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ព្រះ‌ជាម្ចាស់​មិន​ឲ្យ​គេ​ឃើញ​ទី​សម្គាល់​ណា​ឡើយ»។