យ៉ាកុប 1:1-7 KHSV

1 ខ្ញុំ យ៉ាកុប ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ និង​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ* សូម​ជម្រាប​មក​កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ ដែល​បែក‌ខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។

2 បង‌ប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាងដែល​បង‌ប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា​ជា​ការ​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​មាន​អំណរ​ដ៏​បរិបូណ៌​វិញ

3 ដោយ​ដឹង​ថា ការ​ល្បង‌លក​មើល​ជំនឿ​របស់​បង‌ប្អូន​នឹង​នាំ​ឲ្យ​បង‌ប្អូន​ចេះ​ស៊ូ‌ទ្រាំ។

4 ក៏​ប៉ុន្តែ ត្រូវ​ឲ្យ​ការ​ស៊ូ‌ទ្រាំ​នេះ បង្កើត​ចេញ​ជា​ផល​ផ្លែ​ដ៏​ល្អ​គ្រប់​លក្ខណៈ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​គ្រប់​លក្ខណៈ មាន​គុណ​សម្បត្តិ​ល្អ​សព្វ​គ្រប់ ឥត​ខ្វះ​ត្រង់​ណា​ឡើយ។

5 ក្នុង​ចំណោម​បង‌ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​តែ​ទូល​សូម​ពី​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់ ដោយ​ព្រះ‌ហឫទ័យ​ទូលាយ ឥត​បន្ទោស​ឡើយ

6 ក៏​ប៉ុន្តែ អ្នក​នោះ​ត្រូវ​ទូល​សូម ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ដែល​មាន​ចិត្ត​សង្ស័យ ប្រៀប​បាន​នឹង​រលក​សមុទ្រ​ត្រូវ​បក់​បោក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។

7 មនុស្ស​ប្រភេទ​នេះ មិន​ត្រូវ​នឹក​ស្មាន​ថា​នឹង​បាន​ទទួល​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ