11 ព្រះជាម្ចាស់មានព្រះបន្ទូលថា «កុំប្រព្រឹត្តអំពើផិតក្បត់» ហើយព្រះអង្គមានព្រះបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»។ ប្រសិនបើអ្នកមិនប្រព្រឹត្តអំពើផិតក្បត់ទេ តែសម្លាប់គេ នោះបានសេចក្ដីថា អ្នកប្រព្រឹត្តល្មើសនឹងក្រឹត្យវិន័យហើយ។
12 បងប្អូនត្រូវនិយាយ និងប្រព្រឹត្តឲ្យស្របនឹងក្រឹត្យវិន័យដែលផ្ដល់សេរីភាព គឺមានតែក្រឹត្យវិន័យនោះហើយដែលនឹងវិនិច្ឆ័យបងប្អូន
13 ដ្បិតអ្នកណាគ្មានចិត្តមេត្តាករុណា ព្រះជាម្ចាស់ក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្តាករុណាដែរ។ អ្នកមានចិត្តមេត្តាករុណា មិនខ្លាចព្រះអង្គវិនិច្ឆ័យទោសឡើយ។
14 បងប្អូនអើយ ប្រសិនបើមានម្នាក់ពោលថា ខ្លួនមានជំនឿ តែមិនប្រព្រឹត្តអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើឲ្យគេទទួលការសង្គ្រោះបានឬ?
15 ប្រសិនបើបងប្អូនប្រុស ឬស្រីណាម្នាក់ គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និងគ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ
16 ហើយមានម្នាក់ ក្នុងចំណោមបងប្អូន ពោលទៅគាត់ថា «សូមអញ្ជើញទៅដោយសុខសាន្ត សូមឲ្យបានក្ដៅស្រួល សូមបរិភោគឲ្យបានឆ្អែត!» តែមិនឲ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី?
17 រីឯជំនឿវិញក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្តអំពើល្អទេ ជំនឿនោះស្លាប់តែម្ដង!