យ៉ាកុប 3:6-12 KHSV

6 អណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​សរីរាង្គ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅ‌ហ្មង និង​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោច‌ផ្សា ព្រោះ​មាន​ភ្លើង​នរក​នៅ​ក្នុង​អណ្ដាត​នេះ។

7 មនុស្ស​ជាតិ​អាច​ផ្សាំង​សត្វ​គ្រប់​ប្រភេទ​បាន​ទាំង​អស់ ទាំង​សត្វ​ព្រៃ ទាំង​សត្វ​ស្លាប ហើយ​សត្វ​លូន​វារ សត្វ​នៅ​ក្នុង​ទឹក ក៏​មនុស្ស​ផ្សាំង​បាន​ដែរ

8 ប៉ុន្តែ គ្មាន​ជន​ណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​បាន​ឡើយ ព្រោះ​វា​ជា​គ្រឿង​មួយ​ដ៏​ចង្រៃ​ដែល​ចេះ​តែ​គន្លាស់​ជា‌និច្ច ពោរ‌ពេញ​ទៅ​ដោយ​ពិស‌ពុល បណ្ដាល​ឲ្យ​ស្លាប់​ទៀត​ផង។

9 ដោយ‌សារ​អណ្ដាត យើង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​ជា​ព្រះ‌បិតា ហើយ​ដោយ‌សារ​អណ្ដាត​ដដែល យើង​ក៏​ជេរ​ប្រទេច​ផ្ដាសា​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌អង្គ​ដែរ

10 គឺ​ទាំង​ពាក្យ​អរ​ព្រះ‌គុណ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្ដាសា ហូរ​ចេញ​មក​ពី​មាត់​តែ​មួយ! បង‌ប្អូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។

11 តើ​ប្រភព​ទឹក​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​ផង ជា​ទឹក​ភ្លាវ​ផង ពី​រន្ធ​តែ​មួយ​បាន​ឬ?

12 បង‌ប្អូន​អើយ ដើម​ឧទុម្ពរ​អាច​ឲ្យ​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយជូរ​អាច​ឲ្យ​ផ្លែ​ជា​ឧទុម្ពរ​បាន​ឬ? រន្ធ​ទឹក​ប្រៃ​ពុំ​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​បាន​ឡើយ។