6 អ្នករាល់គ្នាបានដាក់ទោស និងប្រហារជីវិតមនុស្សសុចរិត តែគេពុំបានប្រឆាំងតបតនឹងអ្នករាល់គ្នាវិញឡើយ។
7 ដូច្នេះ បងប្អូនអើយ ត្រូវមានចិត្តអត់ធ្មត់ រហូតដល់ពេលព្រះអម្ចាស់យាងមកយ៉ាងរុងរឿង។ មើលចុះ! អ្នកភ្ជួររាស់ទន្ទឹងរង់ចាំភោគផលដ៏ថ្លៃវិសេសដែលដីផ្ដល់ឲ្យ ដោយចិត្តអត់ធ្មត់ រហូតដល់បានផលនៅដើមរដូវ និងចុងរដូវ។
8 បងប្អូនក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ តាំងចិត្តឲ្យរឹងប៉ឹង ដ្បិតព្រះអម្ចាស់ជិតយាងមកដល់ហើយ។
9 បងប្អូនអើយ មិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។
10 បងប្អូនអើយ ចូរយកតម្រាប់តាមពួកព្យាការី*ដែលបានរងទុក្ខលំបាក និងមានចិត្តអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។
11 យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថា ជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា លោកយ៉ូបចេះស៊ូទ្រាំយ៉ាងណាៗនោះ ហើយបងប្អូនក៏ឃើញដែរថា នៅទីបំផុត ព្រះអម្ចាស់ឲ្យគាត់បានទៅជាយ៉ាងណា ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណាយ៉ាងក្រៃលែង។
12 ជាពិសេស បងប្អូនអើយ កុំស្បថឲ្យសោះ គឺកុំយកមេឃ យកផែនដី ឬយកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ បើថា«មែន» ឲ្យប្រាកដជា«មែន» «ទេ» ឲ្យប្រាកដជា«ទេ» ដើម្បីកុំឲ្យមានទោស។