1 ព្រះបាទម៉ិលគីស្សាដែកនេះ ជាព្រះមហាក្សត្រនៅក្រុងសាឡឹម និងជាបូជាចារ្យ*របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ទ្រង់បានទៅជួបលោកអប្រាហាំ ដែលវិលមកពីវាយឈ្នះស្ដេចនានា ហើយទ្រង់ជូនពរលោក។
2 លោកអប្រាហាំបានយកអ្វីៗទាំងអស់ដែលលោកមានចំនួនមួយភាគដប់ មកថ្វាយព្រះបាទម៉ិលគីស្សាដែក។ ព្រះនាមរបស់ស្ដេចអង្គនេះមានន័យថា «ស្ដេចប្រកបដោយសេចក្ដីសុចរិត» ហើយទ្រង់ជាស្ដេចក្រុងសាឡឹមថែមទៀត ដែលមានន័យថា «ស្ដេចនៃសេចក្ដីសុខសាន្ត»។
3 ទ្រង់គ្មានមាតាបិតា និងគ្មានវង្សត្រកូលទេ ហើយជីវិតរបស់ស្ដេចក៏គ្មានដើមកំណើត និងចុងបញ្ចប់ដែរ។ ទ្រង់ដូចព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយស្ថិតនៅជាបូជាចារ្យ*រហូតតរៀងទៅ។
4 សូមបងប្អូនពិចារណាមើលចុះ ព្រះបាទម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុនណា បានជាលោកអប្រាហាំ បុព្វបុរស*របស់យើង យកអ្វីៗដែលលោករឹបអូសបានពីចំបាំង ចំនួនមួយភាគដប់មកថ្វាយដូច្នេះ!
5 អស់អ្នកក្នុងពូជពង្សរបស់លោកលេវី*ដែលបានទទួលមុខងារជាបូជាចារ្យ*នោះ ក៏បានទទួលបញ្ជាឲ្យហូតយកតង្វាយមួយភាគដប់*ពីប្រជាជន ស្របតាមក្រឹត្យវិន័យ* គឺហូតយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់លោកអប្រាហាំដូចគ្នា។
6 ចំណែកឯព្រះបាទម៉ិលគីស្សាដែកវិញ លោកគ្មានជាប់សាច់ញាតិអ្វីនឹងកូនចៅលោកលេវីទេ តែលោកបានយកទ្រព្យចំនួនមួយភាគដប់ពីលោកអប្រាហាំ! ទ្រង់ក៏ជូនពរដល់លោកអប្រាហាំ ដែលបានទទួលព្រះបន្ទូលសន្យា!
7 ធម្មតា អ្នកទទួលពរមានឋានៈតូចជាងអ្នកឲ្យពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកបានឡើយ។
8 លោកលេវីដែលទទួលតង្វាយមួយភាគនោះ ជាមនុស្សតែងតែស្លាប់។ រីឯព្រះបាទម៉ិលគីស្សាដែកវិញ ទ្រង់មានព្រះជន្មរស់ដូចគម្ពីរបានបញ្ជាក់ស្រាប់។
9 យើងអាចពោលឲ្យអស់សេចក្ដីថា សូម្បីតែលោកលេវី ដែលតែងទទួលតង្វាយមួយភាគដប់ ក៏បានយកអ្វីៗមួយភាគដប់ ថ្វាយព្រះបាទម៉ិលគីស្សាដែក តាមរយៈលោកអប្រាហាំដែរ
10 ដ្បិតនៅពេលដែលព្រះបាទម៉ិលគីស្សាដែកទៅជួបលោកអប្រាហាំនោះ លោកលេវីស្ថិតនៅក្នុងលោកអប្រាហាំនៅឡើយ។
11 មុខងារបូជាចារ្យជាគ្រឹះនៃគម្ពីរវិន័យរបស់ប្រជារាស្ត្រអ៊ីស្រាអែល ប្រសិនបើមុខងារជាបូជាចារ្យបានគ្រប់លក្ខណៈ ដោយសារពួកលេវីហើយនោះ តើចាំបាច់តែងតាំងបូជាចារ្យមួយទៀត តាមរបៀបព្រះបាទម៉ិលគីស្សាដែកធ្វើអ្វី? ម្ដេចក៏មិននិយាយពីបូជាចារ្យតាមរបៀបលោកអើរ៉ុនទៅវិញ។
12 ប្រសិនបើមានការផ្លាស់ប្ដូរមុខងារបូជាចារ្យ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរក្រឹត្យវិន័យដែរ។
13 រីឯបូជាចារ្យដែលមានចែងក្នុងអត្ថបទទាំងនេះ ទ្រង់កើតក្នុងកុលសម្ព័ន្ធមួយដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើជាបូជាចារ្យឡើយ។
14 យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា ព្រះអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធ*យូដា។ ពេលលោកម៉ូសេនិយាយអំពីបូជាចារ្យ លោកពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។
15 ប្រសិនបើមានការតែងតាំងបូជាចារ្យមួយរូបទៀត ដូចព្រះបាទម៉ិលគីស្សាដែក សេចក្ដីនេះក៏រឹតតែច្បាស់ជាងទៅទៀត។
16 ព្រះអង្គមិនបានទទួលមុខងារជាបូជាចារ្យ តាមវិន័យ ដែលជាបទបញ្ជារបស់មនុស្សឡើយ គឺទ្រង់បានទទួលមុខងារនេះ តាមឫទ្ធានុភាពនៃព្រះជន្មមិនចេះសាបសូន្យ
17 ដ្បិតគម្ពីរបានផ្ដល់សក្ខីភាពអំពីព្រះអង្គថា«ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបព្រះបាទម៉ិលគីស្សាដែក»។
18 ដូច្នេះ បទបញ្ជាដែលមានពីមុនមកត្រូវលុបបំបាត់ចោលហើយ ព្រោះគ្មានប្រសិទ្ធភាព គ្មានសារប្រយោជន៍អ្វីទេ
19 ដ្បិតក្រឹត្យវិន័យពុំបានធ្វើឲ្យអ្វីមួយទៅជាគ្រប់លក្ខណៈឡើយ។ ម្យ៉ាងទៀត សេចក្ដីសង្ឃឹមមួយដ៏ប្រសើរជាងបានមកដល់ ហើយដោយសារសេចក្ដីសង្ឃឹមនេះ យើងអាចចូលទៅជិតព្រះជាម្ចាស់បាន។
20 លើសពីនេះ មានព្រះបន្ទូលសម្បថ។ បូជាចារ្យឯទៀតៗបានទទួលមុខងារជាបូជាចារ្យ ដោយគ្មានព្រះបន្ទូលសម្បថទេ។
21 រីឯព្រះយេស៊ូវិញ ទ្រង់បានទទួលមុខងារជាបូជាចារ្យ ដោយព្រះជាម្ចាស់ទ្រង់បានស្បថ គឺព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះអង្គថា«“ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច” ព្រះអម្ចាស់ទ្រង់បានស្បថ ហើយទ្រង់នឹងមិនប្រែប្រួលឡើយ»។
22 ដូច្នេះ ដោយមានព្រះបន្ទូលសម្បថយ៉ាងនេះ បានសេចក្ដីថា ព្រះយេស៊ូធានារ៉ាប់រងនូវសម្ពន្ធមេត្រី*មួយរឹតតែប្រសើរជាងទៅទៀត។
23 លើសពីនេះ មានគ្នាជាច្រើនបានធ្វើបូជាចារ្យតៗគ្នា ព្រោះពួកគេតែងតែស្លាប់ ពុំអាចធ្វើបូជាចារ្យជាអចិន្ត្រៃយ៍បានឡើយ។
24 រីឯព្រះយេស៊ូវិញ ព្រះអង្គមានមុខងារជាបូជាចារ្យ ដែលពុំអាចផ្ទេរទៅឲ្យនរណាបានទេ ព្រោះព្រះអង្គគង់នៅអស់កល្បជានិច្ច។
25 ហេតុនេះហើយបានជាព្រះអង្គក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ តាមរយៈព្រះអង្គ បានជាស្ថាពរ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេ។
26 មានតែមហាបូជាចារ្យដ៏ប្រសើរដូចព្រះយេស៊ូនេះហើយ ដែលយើងត្រូវការ គឺមហាបូជាចារ្យដ៏វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងខ្ពង់ខ្ពស់លើសស្ថានបរមសុខ*ទៅទៀត។
27 ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗថ្វាយ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ជាយញ្ញបូជា ម្ដងជាសូរេច។
28 ក្រឹត្យវិន័យបានតែងតាំងមនុស្សទន់ខ្សោយឲ្យធ្វើជាមហាបូជាចារ្យ។ រីឯព្រះបន្ទូលសម្បថ ដែលមានមកតាមក្រោយក្រឹត្យវិន័យ បានតែងតាំងព្រះបុត្រា ដែលគ្រប់លក្ខណៈអស់កល្បជានិច្ច ឲ្យធ្វើជាមហាបូជាចារ្យវិញ។