អេភេសូ 2:12-18 KHSV

12 កាល​ណោះ បង‌ប្អូន​នៅ​ឆ្ងាយ​ពី​ព្រះ‌គ្រិស្ដ គ្មាន​សិទ្ធិ​ចូល​ជាតិ​អ៊ីស្រា‌អែល គ្មាន​ទំនាក់‌ទំនង​អ្វី​នឹង​សម្ពន្ធ‌មេត្រី*ដែល​ចង​ឡើង​ដោយ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់​ទេ បង‌ប្អូន​រស់​នៅ​ក្នុង​លោក​នេះ ដោយ​គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ‌ជាម្ចាស់​ដែរ។

13 កាល​ពី​ដើម បង‌ប្អូន​នៅ​ឆ្ងាយ​មែន ក៏​ប៉ុន្តែ ឥឡូវ​នេះ ដោយ​បង‌ប្អូន​រួម​ក្នុង​អង្គ​ព្រះ‌យេស៊ូ​គ្រិស្ដ បង‌ប្អូន​បាន​មក​នៅ​ជិត​ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ដ។

14 គឺ​ព្រះ‌គ្រិស្ដ​ហើយ​ដែល​ជា​សន្តិ‌ភាព​របស់​យើង ព្រះ‌អង្គ​បាន​ប្រមូល​សាសន៍​ទាំង​ពីរឲ្យ​រួម​គ្នា​មក​ជា​ប្រជា‌រាស្ត្រ​តែ​មួយ។ ក្នុង​ព្រះ‌កាយ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​រំលំ​ជញ្ជាំង​ដែល​បំបាក់​បំបែក​យើង​ឲ្យ​ទៅ​ជា​បច្ចា​មិត្ត​នឹង​គ្នា។

15 ព្រះ‌អង្គ​បាន​លុប​បំបាត់​ក្រឹត្យ‌វិន័យ*​ដែល​មាន​បទ‌បញ្ជា និង​ក្បួន​តម្រា​ផ្សេងៗ​ចោល ដើម្បី​បង្រួប‌បង្រួម​សាសន៍​ទាំង​ពីរ​ឲ្យ​ទៅ​ជា​មនុស្ស​ថ្មី​តែ​មួយ ក្នុង​ព្រះ‌អង្គ​ផ្ទាល់ ព្រម​ទាំង​នាំ​សន្តិ‌ភាព​មក​ផង។

16 ដោយ​ព្រះ‌អង្គ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​សម្រុះ‌សម្រួល​សាសន៍​ទាំង​ពីរ​ឲ្យ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ និង​ធ្វើ​ឲ្យ​គេ​ស្រុះ‌ស្រួល​ជា​មួយ​ព្រះ‌ជាម្ចាស់​វិញ ទាំង​កំចាត់​ការ​ស្អប់​គ្នា​ចោល​ផង។

17 ព្រះ‌អង្គ​បាន​យាង​មក «ទាំង​នាំ​ដំណឹង‌ល្អ*​អំពី​សន្តិ‌ភាព​មក​ឲ្យ​បង‌ប្អូន​ដែល​នៅ​ឆ្ងាយ និង​នាំ​សន្តិ‌ភាព​មក​ឲ្យ​អស់​អ្នក​ដែល​នៅ​ជិត​ដែរ»។

18 ដោយ‌សារ​ព្រះ‌គ្រិស្ដ​នេះ​ហើយ ដែល​យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌បិតា ដោយ​រួម​ក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ។