អេភេសូ 3:5-11 KHSV

5 នៅ​ជំនាន់​ដើម មនុស្ស‌ម្នា​ពុំ​បាន​ស្គាល់​គម្រោង‌ការ​នេះ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ក្រុម​សាវ័ក* និង​ព្យាការី*​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ នា​បច្ចុប្បន្ន​កាល​ស្គាល់ តាម​រយៈ​ព្រះ‌វិញ្ញាណ​នោះ​ឡើយ

6 គឺ​ថា ដោយ‌សារ​ដំណឹង‌ល្អ* សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មត៌ក មាន​សិទ្ធិ​ចូល​រួម​ក្នុង​ព្រះ‌កាយ​តែ​មួយ និង​មាន​សិទ្ធិ​ទទួល​ព្រះ‌ពរ តាម​ព្រះ‌បន្ទូល​សន្យា​រួម​ជា​មួយ​សាសន៍​អ៊ីស្រា‌អែល ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ​ដែរ។

7 ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ តាម​ព្រះ‌អំណោយ​ទាន​នៃ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​មក​លើ​រូប​ខ្ញុំ គឺ​ជា​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌អង្គ​ប្រោស​ប្រទាន​មក​ខ្ញុំ ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។

8 ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ក្ដី ក៏​ព្រះ‌ជាម្ចាស់​បាន​ផ្ដល់​ព្រះ‌គុណ​នេះ​មក​ខ្ញុំ ដើម្បី​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ព្រះ‌ជន្ម​ដ៏​បរិបូណ៌​បំផុត​របស់​ព្រះ‌គ្រិស្ដ ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។

9 ព្រះ‌ជាម្ចាស់​ក៏​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ព្រះ‌អង្គ​ចាត់​ចែង​គម្រោង‌ការ​ដែល​លាក់​ទុក តាំង​ពី​អស់‌កល្ប​ជា‌និច្ច​រៀង​មក ក្នុង​ព្រះ‌ជាម្ចាស់​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារ​ពើ។

10 នៅ​ពេល​នេះ ដោយ‌សារ​ក្រុម‌ជំនុំ វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា​នៅ​ស្ថាន​លើ បាន​ស្គាល់​ព្រះ‌ប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះ‌ជាម្ចាស់

11 តាម​ផែន‌ការ​ដែល​ព្រះ‌អង្គ​បាន​គ្រោង​ទុក តាំង​ពី​អស់‌កល្ប​ជា‌និច្ច​រៀង​មក ហើយ​ទ្រង់​បាន​សម្រេច​ដោយ‌សារ​ព្រះ‌គ្រិស្ដ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង។