អេភេសូ 3:7-13 KHSV

7 ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ តាម​ព្រះ‌អំណោយ​ទាន​នៃ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​មក​លើ​រូប​ខ្ញុំ គឺ​ជា​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌អង្គ​ប្រោស​ប្រទាន​មក​ខ្ញុំ ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។

8 ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ក្ដី ក៏​ព្រះ‌ជាម្ចាស់​បាន​ផ្ដល់​ព្រះ‌គុណ​នេះ​មក​ខ្ញុំ ដើម្បី​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ព្រះ‌ជន្ម​ដ៏​បរិបូណ៌​បំផុត​របស់​ព្រះ‌គ្រិស្ដ ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។

9 ព្រះ‌ជាម្ចាស់​ក៏​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ព្រះ‌អង្គ​ចាត់​ចែង​គម្រោង‌ការ​ដែល​លាក់​ទុក តាំង​ពី​អស់‌កល្ប​ជា‌និច្ច​រៀង​មក ក្នុង​ព្រះ‌ជាម្ចាស់​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារ​ពើ។

10 នៅ​ពេល​នេះ ដោយ‌សារ​ក្រុម‌ជំនុំ វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា​នៅ​ស្ថាន​លើ បាន​ស្គាល់​ព្រះ‌ប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះ‌ជាម្ចាស់

11 តាម​ផែន‌ការ​ដែល​ព្រះ‌អង្គ​បាន​គ្រោង​ទុក តាំង​ពី​អស់‌កល្ប​ជា‌និច្ច​រៀង​មក ហើយ​ទ្រង់​បាន​សម្រេច​ដោយ‌សារ​ព្រះ‌គ្រិស្ដ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

12 ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ និង​ដោយ​មាន​ជំនឿ​លើ​ព្រះ‌អង្គ យើង​មាន​ចិត្ត​អង់‌អាច និង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌ជាម្ចាស់ ទាំង​ទុក​ចិត្ត។

13 ហេតុ​នេះ សូម​បង‌ប្អូន​កុំ​ធ្លាក់​ទឹក​ចិត្ត ដោយ​ខ្ញុំ​រង​ទុក្ខ​វេទនា ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន​នោះ​ឡើយ ទុក្ខ​វេទនា​ទាំង​នេះ​ជា​សិរី‌រុងរឿង​របស់​បង‌ប្អូន​វិញ​ទេ។