អេភេសូ 5:24-30 KHSV

24 ហេតុ​នេះ ក្រុម‌ជំនុំ​គោរព​ចុះ​ចូល​នឹង​ព្រះ‌គ្រិស្ដ​យ៉ាង​ណា ភរិយា​ក៏​ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។

25 ចំពោះ​បង‌ប្អូន​ដែល​មាន​ប្រពន្ធ​វិញ ចូរ​ស្រឡាញ់​ភរិយា ដូច​ព្រះ‌គ្រិស្ដ​បាន​ស្រឡាញ់​ក្រុម‌ជំនុំ​ដែរ ព្រះ‌អង្គ​បូជា​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​ផ្ទាល់ សម្រាប់​ក្រុម‌ជំនុំ

26 ដើម្បី​ប្រោស​ឲ្យ​ក្រុម‌ជំនុំ​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជម្រះ​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយ‌សារ​ព្រះ‌បន្ទូល។

27 ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នាំ​ក្រុម‌ជំនុំ​នេះ​មក​ថ្វាយ​ព្រះ‌អង្គ​ផ្ទាល់ ជា​ក្រុម‌ជំនុំ​ដ៏​រុងរឿង ឥត​ស្លាក‌ស្នាម ឥត​ជ្រីវ‌ជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​បាន​ទៅ​ជា​វិសុទ្ធ* ឥត​សៅ‌ហ្មង។

28 ដូច្នេះ ស្វាមី​ត្រូវ​ស្រឡាញ់​ភរិយា ឲ្យ​បាន​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ស្រឡាញ់​ភរិយា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង។

29 ពុំ​ដែល​មាន​នរណា​ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​រូប​កាយ​នោះ ដូច​ព្រះ‌គ្រិស្ដ​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​ក្រុម‌ជំនុំ

30 ព្រោះ​យើង​ទាំង​អស់​គ្នា​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ។