25 ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចព្រះគ្រិស្ដបានស្រឡាញ់ក្រុមជំនុំដែរ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ សម្រាប់ក្រុមជំនុំ
26 ដើម្បីប្រោសឲ្យក្រុមជំនុំបានទៅជាវិសុទ្ធ ទាំងជម្រះឲ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារព្រះបន្ទូល។
27 ព្រះអង្គសព្វព្រះហឫទ័យនាំក្រុមជំនុំនេះមកថ្វាយព្រះអង្គផ្ទាល់ ជាក្រុមជំនុំដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឲ្យបានទៅជាវិសុទ្ធ* ឥតសៅហ្មង។
28 ដូច្នេះ ស្វាមីត្រូវស្រឡាញ់ភរិយា ឲ្យបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។
29 ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចព្រះគ្រិស្ដចិញ្ចឹមបីបាច់ថែរក្សាក្រុមជំនុំ
30 ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃព្រះកាយរបស់ព្រះអង្គ។
31 ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ។