15 ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះជាអាទិ៍។
16 ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឲ្យព្រះគ្រិស្ដយេស៊ូសម្តែងព្រះហឫទ័យអត់ធ្មត់គ្រប់ចំពូកដល់ខ្ញុំមុនគេ និងឲ្យខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គ ហើយទទួលជីវិតអស់កល្បជានិច្ច។
17 សូមឲ្យព្រះមហាក្សត្រដែលគង់នៅអស់កល្បជានិច្ចជាព្រះជាម្ចាស់តែមួយព្រះអង្គមានព្រះជន្មមិនចេះសាបសូន្យដែលមនុស្សមើលពុំឃើញបានប្រកបដោយព្រះកិត្តិនាម និងសិរីរុងរឿងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!
18 ធីម៉ូថេ កូនសម្លាញ់អើយ ខ្ញុំសូមផ្ដាំផ្ញើមកអ្នក ស្របតាមព្រះបន្ទូលដែលគេថ្លែងទុកអំពីអ្នកស្រាប់។ ចូរពឹងផ្អែកលើព្រះបន្ទូលនេះ ដើម្បីពុះពារតយុទ្ធឲ្យបានល្អប្រសើរ
19 ដោយមានជំនឿ និងមានមនសិការល្អ។ អ្នកខ្លះលែងមានមនសិការល្អបែបនេះ បណ្ដាលឲ្យជំនឿរបស់គេលិចលង់។
20 ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអលេក្សានត្រុសជាដើម។ ខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់មារសាតាំង ដើម្បីឲ្យគេរៀនឈប់ប្រមាថព្រះជាម្ចាស់ទៀត។