2 មកដល់ធីម៉ូថេ ជាកូនដ៏ពិតប្រាកដរបស់ខ្ញុំក្នុងជំនឿ។ សូមព្រះជាម្ចាស់ ជាព្រះបិតា និងព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើង ប្រទានព្រះគុណ ព្រះហឫទ័យមេត្តាករុណា និងសេចក្ដីសុខសាន្តដល់អ្នក។
3 ខ្ញុំបានផ្ដែផ្ដាំអ្នក នៅពេលខ្ញុំចេញដំណើរទៅស្រុកម៉ាសេដូនរួចហើយថា ចូរស្នាក់នៅក្រុងអេភេសូនេះ ដើម្បីហាមប្រាមអ្នកខ្លះ កុំឲ្យបង្រៀនគោលលទ្ធិណាផ្សេងទៀតឡើយ
4 ហើយក៏កុំឲ្យជាប់ចិត្តទៅលើរឿងព្រេង និងទៅលើបញ្ជីវង្សត្រកូលដ៏វែងអន្លាយនោះដែរ។ រឿងទាំងនេះបង្កឲ្យតែមានការជជែកវែកញែក ជាជាងគិតអំពីគម្រោងការរបស់ព្រះជាម្ចាស់ដែលយើងស្គាល់តាមជំនឿ។
5 ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ* ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។
6 អ្នកខ្លះបានងាកចេញពីគោលការណ៍នេះ ហើយក៏ត្រូវវង្វេងវង្វាន់ និយាយពាក្យសម្ដីឥតខ្លឹមសារ
7 គេចង់តាំងខ្លួនជាអ្នកប្រាជ្ញខាងវិន័យ* តែគេមិនយល់ទាំងពាក្យដែលខ្លួននិយាយ ទាំងសេចក្ដីដែលខ្លួនបញ្ជាក់ថាពិតនោះផង។
8 យើងដឹងហើយថា ក្រឹត្យវិន័យ*ល្អប្រសើរ លុះត្រាតែយើងប្រើតាមក្បួនខ្នាត។