4 ហើយក៏កុំឲ្យជាប់ចិត្តទៅលើរឿងព្រេង និងទៅលើបញ្ជីវង្សត្រកូលដ៏វែងអន្លាយនោះដែរ។ រឿងទាំងនេះបង្កឲ្យតែមានការជជែកវែកញែក ជាជាងគិតអំពីគម្រោងការរបស់ព្រះជាម្ចាស់ដែលយើងស្គាល់តាមជំនឿ។
5 ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ* ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។
6 អ្នកខ្លះបានងាកចេញពីគោលការណ៍នេះ ហើយក៏ត្រូវវង្វេងវង្វាន់ និយាយពាក្យសម្ដីឥតខ្លឹមសារ
7 គេចង់តាំងខ្លួនជាអ្នកប្រាជ្ញខាងវិន័យ* តែគេមិនយល់ទាំងពាក្យដែលខ្លួននិយាយ ទាំងសេចក្ដីដែលខ្លួនបញ្ជាក់ថាពិតនោះផង។
8 យើងដឹងហើយថា ក្រឹត្យវិន័យ*ល្អប្រសើរ លុះត្រាតែយើងប្រើតាមក្បួនខ្នាត។
9 យើងតោងដឹងទៀតថា ក្រឹត្យវិន័យមិនមែនចែងទុក សម្រាប់មនុស្សសុចរិត*ទេ គឺសម្រាប់មនុស្សដែលគ្មានក្រឹត្យវិន័យ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ
10 ពួកប្រាសចាកសីលធម៌ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកឈ្មួញមនុស្ស ពួកកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗប្រឆាំងនឹងសេចក្ដីប្រៀនប្រដៅដ៏ត្រឹមត្រូវ