១ ធីម៉ូថេ 5:13-19 KHSV

13 មួយ​វិញ​ទៀត ពួក​នាង​មិន​ធ្វើ​ការ​អ្វី​ទេ គឺ​មាន​ទម្លាប់​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពួក​នាង​មិន​គ្រាន់​តែ​អត់​ធ្វើ​អ្វី​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​និយាយ​ប៉ប៉ាច់‌ប៉ប៉ោច និយាយ​បេះ‌បួយ និង​និយាយ​ពី​ការ​ផ្សេងៗ​ដែល​មិន​ត្រូវ​និយាយ។

14 ហេតុ​នេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​មេ‌ម៉ាយ ដែល​នៅ​ក្មេង​រៀប‌ការ​សា​ជា​ថ្មី ឲ្យ​មាន​កូន​ចៅ និង​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​ចាប់​កំហុស​បាន​ឡើយ

15 ដ្បិត​មាន​នាង​ខ្លះ​បាន​ឃ្លាត​ចាក​ពី​មាគ៌ា​ល្អ បែរ​ទៅ​តាម​មារ*​សាតាំង​រួច​ទៅ​ហើយ។

16 ប្រសិន​បើ​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​ជឿ មាន​ស្ត្រី​មេ‌ម៉ាយ​ខ្លះ​ក្នុង​ក្រុម​ញាតិ​របស់​គាត់ គាត់​ត្រូវ​ជួយ​ទំនុក​បម្រុង​នាង​ទាំង​នោះ​ផង មិន​ត្រូវ​ទុក​ឲ្យ​ក្រុម‌ជំនុំ*​ពិបាក​ផ្គត់‌ផ្គង់​នាង​ឡើយ ធ្វើ​ដូច្នេះ ក្រុម‌ជំនុំ​អាច​នឹង​ជួយ​ទំនុក​បម្រុង​ស្ត្រី​មេ‌ម៉ាយ​ដែល​គ្មាន​ទី​ពឹង។

17 ព្រឹទ្ធា‌ចារ្យ*​ទាំង‌ឡាយ​ណា​នាំ​មុខ​ក្រុម‌ជំនុំ​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្តិយស​គាត់​មួយ​ទ្វេ​ជា​ពីរ ជា​ពិសេស​ចំពោះ​ព្រឹទ្ធា‌ចារ្យ​ណា​ដែល​នឿយ‌ហត់​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន​គេ

18 ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ«កម្មករ​ត្រូវ​តែ​ទទួល​ប្រាក់​ឈ្នួល»។

19 បើ​មាន​គេ​ចោទ​ប្រកាន់​ព្រឹទ្ធា‌ចារ្យ​ណា​ម្នាក់ កុំ​ទទួល​ពាក្យ​ចោទ​របស់​គេ​ឲ្យ​សោះ លើក‌លែង​តែ​មាន​សាក្សី​ពីរ ឬ​បី​នាក់។