1 ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបម្រើ និងជាសាវ័ក*របស់ព្រះយេស៊ូគ្រិស្ដ* សូមជម្រាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិត*របស់ព្រះយេស៊ូគ្រិស្ដជាព្រះជាម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូនក៏មានតម្លៃដូចជំនឿរបស់យើងដែរ។
2 ដោយបងប្អូនស្គាល់ព្រះជាម្ចាស់ និងស្គាល់ព្រះយេស៊ូជាអម្ចាស់នៃយើង សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តកាន់តែច្រើនឡើងៗ។
3 ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ប្រទានឲ្យយើងមានអ្វីៗទាំងអស់ សម្រាប់ជីវិតរស់នៅ និងសម្រាប់គោរពប្រណិប័តន៍ព្រះអង្គ។ ឫទ្ធានុភាពនោះនាំយើងឲ្យស្គាល់ព្រះអង្គ ដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ព្រះអង្គផ្ទាល់ និងដោយសារព្រះបារមីរបស់ព្រះអង្គ។
4 ដោយសារសិរីរុងរឿង និងព្រះបារមីនេះ ព្រះអង្គបានប្រទានព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមព្រះបន្ទូលសន្យា ដើម្បីឲ្យបងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។
5 ហេតុនេះ បងប្អូនត្រូវខ្នះខ្នែងឲ្យអស់ពីសមត្ថភាព បន្ថែមកិរិយាល្អឥតខ្ចោះពីលើជំនឿ បន្ថែមការស្គាល់ព្រះអង្គពីលើកិរិយាល្អ
6 បន្ថែមការចេះទប់ចិត្តពីលើការស្គាល់ព្រះអង្គ បន្ថែមការព្យាយាមតស៊ូពីលើការចេះទប់ចិត្ត បន្ថែមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពីលើការព្យាយាមតស៊ូ
7 បន្ថែមភាតរភាពពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើភាតរភាព។