1 កាលពីសម័យដើម មានព្យាការី*ក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ត្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានគ្រូក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលឲ្យវិនាស គេបដិសេធពុំព្រមទទួលស្គាល់ព្រះអម្ចាស់ ដែលបានលោះគេឲ្យរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្តរាយយ៉ាងទាន់ហន់មិនខាន។
2 មនុស្សជាច្រើននឹងដើរតាមពួកគេទៅប្រព្រឹត្តអំពើអបាយមុខ ហើយមនុស្សម្នានឹងប្រមាថមាគ៌ានៃសេចក្ដីពិត ព្រោះតែអ្នកទាំងនោះ។
3 ពួកគេនឹងបោកប្រាស់បងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្តែ ព្រះអង្គបានកាត់ទោសពួកគេ តាំងពីយូរយារណាស់មកហើយ ហើយព្រះអង្គឥតប្រហែសនឹងបំផ្លាញគេឡើយ
4 ដ្បិតព្រះជាម្ចាស់ពុំបានយោគយល់ដល់ពួកទេវតា*ដែលប្រព្រឹត្តអំពើបាបទេ ទ្រង់បានរុញពួកគេទម្លាក់ទៅក្នុងនរកអវិចីដែលងងឹតសូន្យ ហើយគេជាប់ឃុំឃាំងនៅទីនោះ រង់ចាំពេលព្រះអង្គវិនិច្ឆ័យទោស។
5 ព្រះអង្គក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺព្រះអង្គបានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ព្រះអង្គទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះឲ្យនៅរស់ គិតទាំងលោកណូអេជាអ្នកប្រកាសសេចក្ដីសុចរិត*នោះផង។
6 ព្រះអង្គបានដាក់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យរលាយទៅជាផេះ ទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។