14 គេគិតតែពីរំពៃមើលស្រីៗដោយចិត្តស្រើបស្រាល និងប្រព្រឹត្តអំពើបាបមិនចេះស្កប់ឡើយ។ ពួកគេតែងទាក់ទាញចិត្តអស់អ្នកដែលមានជំនឿទន់ខ្សោយ ហើយពួកគេពូកែខាងលោភលន់ចង់បានប្រាក់។ អ្នកទាំងនោះសុទ្ធតែជាមនុស្សត្រូវបណ្ដាសា!។
15 ពួកគេបានបោះបង់មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវលោកបាឡាម ជាកូនរបស់លោកបេអ៊រ និងជាអ្នកស្រឡាញ់ប្រាក់ ដែលគេជួលឲ្យប្រព្រឹត្តអំពើទុច្ចរិត។
16 ប៉ុន្តែ ព្យាការី*នេះបានទទួលការស្ដីប្រដៅ ព្រោះគាត់ប្រព្រឹត្តល្មើសវិន័យ* គឺសត្វពាហនៈដែលមិនចេះនិយាយ បែរជានិយាយភាសាមនុស្ស ឃាត់គាត់កុំឲ្យប្រព្រឹត្តអំពើលេលាយ៉ាងនោះឡើយ។
17 អ្នកទាំងនោះប្រៀបបាននឹងប្រភពទឹកហួតហែង ឬពពកដែលត្រូវខ្យល់ព្យុះផាត់ គេនឹងត្រូវធ្លាក់ទៅក្នុងទីងងឹតសូន្យសុងជាមិនខាន។
18 គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។
19 ពួកគេសន្យាថានឹងផ្ដល់សេរីភាពឲ្យអ្នកទាំងនោះ តែខ្លួនឯងផ្ទាល់ជាខ្ញុំកញ្ជះនៃសេចក្ដីអន្តរាយ ដ្បិតម្នាក់ៗជាខ្ញុំកញ្ជះនៃអ្វីៗដែលមានអំណាចលើខ្លួន។
20 ប្រសិនបើអ្នកណាបានលះបង់អំពើសៅហ្មងនៃលោកីយ៍ ដោយបានស្គាល់ព្រះយេស៊ូគ្រិស្ដ* ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះយ៉ាងច្បាស់ហើយ តែបែរជាបណ្ដោយឲ្យអំពើសៅហ្មងនេះ មានអំណាចរួបរឹត និងដឹកនាំសាជាថ្មី ជីវិតរបស់អ្នកនោះនឹងក្លាយទៅជាអាក្រក់ជាងមុនទៅទៀត។